(ហាណូយ)៖ ប្រទេសវៀតណាមបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលមួយក្នុងពេលឆាប់ៗនេះស្តីពីពាណិជ្ជកម្មអង្ករជាមួយប្រទេសហ្វីលីពីនដើម្បីធានាដល់សន្តិសុខស្បៀងដល់ប្រទេសផ្សេងៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បើយោងតាមរ៉យទ័រ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី។ តែមិនមានការផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ។

វៀតណាមជាប្រទេសនាំចេញអង្ករធំទីបីរបស់ពិភពលោកកាលពីឆ្នាំមុន បន្ទាប់ពីឥណ្ឌា និងថៃ ហើយហ្វីលីពីនជាអ្នកទិញអង្ករធំជាងគេរបស់ប្រទេសនេះ។

ប្រទេសឥណ្ឌាដែលមានចំណែកជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោកកាលពីខែកក្កដាបានហាមឃាត់ការនាំចេញអង្ករមួយប្រភេទ ដើម្បីរម្ងាត់តម្លៃអង្ករក្នុងស្រុកដោយបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ និងបង្កឱ្យមានក្ដីបារម្ភអំពីអតិផរណាអាហារពិភពលោកដែលមានកម្រិតខ្ពស់រួចស្រាប់ទៅហើយនោះ។

នៅក្នុងប្រទេសថៃ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះបានរាយការណ៍កាលពីសប្តាហ៍មុនថា ការនាំចេញអង្ករចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែសីហា បានកើនឡើង ១១,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ៥,២៩លានតោន។ នេះបើយោងតាមរ៉យទ័រ៕