(ហ្សាការតា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានឱ្យដឹងនៅសប្តាហ៍នេះថា កាណាដារំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន បន្ទាប់ពីចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រកាណាដា-អាស៊ាន ខណៈដែលស្ថិតក្នុងដំណើរឆ្ពោះទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីជាមួយឥណ្ឌូណេស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី លោក Trudeau ក៏បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់នៃតម្លាភាព និងការយល់ដឹងអំពីច្បាប់អន្តរជាតិ ដើម្បីសម្រេចបាននូវកំណើន។

ស្របពេលជាមួយនេះដែរ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីរូបនេះបានលើកឡើងផងដែរថា កាណាដាកំពុងធ្វើការងារឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌូណេស៊ីក្នុងរយៈពេល ១២ខែខាងមុខ។

ការអត្ថាធិប្បាយរបស់លោក Trudeau បានធ្វើឡើងនៅក្នុងបទសម្ភាសមួយជាមួយ Bloomberg News ក្នុងប្រទេសសិង្ហបុរី ជាទីដែលលោកកំពុងធ្វើទស្សនកិច្ចដែលជាផ្នែកមួយនៃដំណើរការមកកាន់ទ្វីបអាស៊ីដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងចូលរួមកិច្ចប្រជុំរបស់មេដឹកនាំប្រទេស G-20។

លោក Trudeau បានទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សាកាតាក្នុងសប្តាហ៍នេះ ហើយបានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដែលជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។ ការពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ីគឺជាគោលដៅមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា។

នាយករដ្ឋមន្ត្រីរូបនេះក៏បាននិយាយផងដែរថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបើកច្រកពាណិជ្ជកម្ម (trade gateway) មួយក្នុងប្រទេសសិង្ហបុរី៕

+