(វ៉ាស៊ីនតោន)៖ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃពុធបានបន្តផាត់ចេញពីការដកហូតពន្ធគយយោងតាម «មាត្រា ៣០១» នូវទំនិញនាំចូលរបស់ចិនចំនួន ៣៥២មុខ និងទំនិញពាក់ព័ន្ធជំងឺកូវីដចំនួន ៧៧ប្រភេទរហូតដល់ថ្ងៃទី៣១ ខែធ្នូ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការផាត់ចេញពីការដកហូតពន្ធគយយោងតាមមាត្រា ៣០១ នេះរួមមានគ្រឿងបន្លាស់ឧស្សាហកម្ម ដូចជាម៉ាស៊ីនបូម និងម៉ូទ័រអេឡិចត្រិច គ្រឿងបន្លាស់រថយន្ត និងសារធាតុគីមី កង់ និងម៉ាស៊ីនបូមធូលី។ ចំណែកឯការផាត់ចេញសម្រាប់ទំនិញពាក់ព័ន្ធនឹងកូវីដវិញ រួមមានផលិតផលវេជ្ជសាស្រ្តដូចជា ម៉ាស ស្រោមដៃ និងជែលលាងដៃ។

ការិយាល័យតំណាងពាណិជ្ជកម្មរបស់លោកស្រី Katherine Tai បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ការពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងអនុញ្ញាតឱ្យមានការពិចារណាបន្ថែមទៀតស្ថិតក្រោមវិធានការពិនិត្យមើលឡើងវិញដែលមានរយៈពេលបួនឆ្នាំ។ ដើមឡើយ ការផាត់ចេញបច្ចុប្បន្ននេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញានេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានឱ្យដឹងកាលពីថ្ងៃអង្គារថា លោកស្រីមិនរំពឹងថានឹងមានការកែប្រែណាមួយចំពោះពន្ធគយអាមេរិកដែលដកហូតលើទំនិញនាំចូលប្រទេសចិនទេរហូតដល់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបញ្ចប់ការពិនិត្យមើលឡើងវិញ។

អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកហូតពន្ធគយក្នុងឆ្នាំ២០១៨ និង២០១៩លើទំនិញនាំចូលរាប់ពាន់មុខពីប្រទេសចិនដែលមានតម្លៃប្រហែល ៣៧០ពាន់លានដុល្លារនៅពេលនោះ បន្ទាប់ពីការស៊ើបអង្កេតតាម «មាត្រា ៣០១» បានរកឃើញថា ប្រទេសចិនបានកំពុងប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកដោយមិនស្មើភាពនិងមិនស្មោះត្រង់ និងបង្ខិតបង្ខំក្រុមហ៊ុនអាមេរិកឱ្យផ្ទេរបច្ចេកវិទ្យារសើបដើម្បីធ្វើអាជីវកម្មនៅប្រទេសចិន។

ពន្ធគយបច្ចុប្បន្នមានអត្រាចាប់ពី ៧,៥ភាគរយលើទំនិញប្រើប្រាស់ច្រើនមុខរហូតដល់ ២៥ភាគរយលើយាន្តជំនិះ គ្រឿងបន្លាស់ឧស្សាហកម្ម ឧបករណ៍អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត។ ក្នុងចំណោមប្រភេទទំនិញសំខាន់ៗដែលរួចគេចផុតពីពន្ធគយរួមមានទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនវីដេអូហ្គេម។

ដើម្បីដកហូតពន្ធគយលើទំនិញនាំចូលពីប្រទេសចិន រដ្ឋាភិបាលបាលលោក ត្រាំ បានប្រើប្រាស់មាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលច្បាប់នេះមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការអនុវត្តមិនស្មើភាពរបស់ដៃគូពាណិជ្ជកម្ម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕