(ភ្នំពេញ)៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤០១ ៦៩៩ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងតំបន់។

ប្រទេសចិន និងហុងកុងបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៩១.៦៤ លានដុល្លារ ខណៈនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ១៦៤ ៦៨២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១១៣.៧៣ លានដុល្លារ, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ ប្រទេស បានបរិមាណចំនួន ៣៦ ៦៩២ តោន គិតជាទឹកប្រាក់ចំនួន ២៣.៦៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២២ ប្រទេសបានចំនួន ៥៦ ៥០៧ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៩.៥៨ លានដុល្លារ។

ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៩៣% អង្ករស ចំនួនជិត ១២.៩៩% អង្ករចំហ៊ុយ ៣.៣៣ % អង្ករសរីរាង្គចំនួន ១.៧៣% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៩២៩ ០៤៣ តោនដែលគិតជាទឹកប្រាក់បានប្រមាណជា ៨១៤.១៧ លានដុល្លារ ដែលក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕