(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិលបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ ដែលជាសញ្ញាណល្អមួយ សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា។

លោក វ៉ាន់ ចន្ទី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នឹងបើកការហោះហើរពីទីក្រុងដូហា នៃរដ្ឋកាតា មកទីក្រុងភ្នំពេញ ដើម្បីផ្សារភ្ជាប់រវាងកម្ពុជា និងមជ្ឈិមបូព៌ា បន្ទាប់ពីផ្អាកបណ្តោះអាសន្ន ដោយការរីករាលដាលនៃជំងឺកូវីដ១៩។

លោកថា វិស័យទេសចរណ៍នៅកម្ពុជា មានមានភាពប្រសើរឡើង និងការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែបន្តកើនឡើង ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះ ភ្ជាប់ជើងហោះហើរមកកម្ពុជាឡើងវិញ។

ទន្ទឹមគ្នានេះ ​លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅ​ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានផ្តល់នូវការឯកភាពរួចហើយ នៅក្នុងការចាប់ផ្តើមហោះហើរឡើងវិញ នៅរដូវកាលថ្មី ដែលហៅថារដូវកាលរងា ដែលមានពេលវេលាចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីផ្សារភ្ជាប់រវាងកម្ពុជា និងមជ្ឈិមបូព៌ា ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនលំដាប់ផ្កាយប្រាំ នៅក្នុងពិភពលោក ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ នៅក្នុងការដាក់ជើងហោះហើរតភ្ជាប់ឡើងវិញ»

ជាមួយគ្នានេះ បន្ទាប់ពីជំនួបរវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA កម្ពុជាសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA នឹងពិនិត្យលទ្ធភាពទៅលើការបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ១៩ ។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវ អាកាស ចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ រីឯជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ៣៤​ ៨៨១ តោន ថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ៕