(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពនៃតម្លៃអង្ករនៅលើទីផ្សារអន្តរ​ជាតិបានវិលមករកភាពប្រក្រតីវិញហើយ ដែលធ្វើឱ្យតម្លៃស្រូវនៅកម្ពុជាមានការធ្លាក់ចុះបន្តិចវិញ ប៉ុន្តែនៅតែស្ថិតក្នុងតម្លៃមួយដែលកសិករទទួលបានផលចំណេញ ​ហេតុនេះសូមប្រជាកសិករ​មេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះ​។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា ​បានលើកឡើងថា កាលពីពេលថ្មីៗនេះ ស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ​មានការកើនឡើងដែលមិនធ្លាប់មាន ពោលគឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវដូចជា ប្រភេទ អ៊ូអ៊ឹម ៥៤៥១ ប្រភេទស្រងែស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្តើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។ ប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម ៩០០ រៀលក្នុងមួយគីឡូក្រាម ឡើងទៅដល់ ១ ៣០០ រៀលក្នុងមួយគីឡូក្រាមនៅវាលស្រែ និងតម្លៃ ១៥០០រៀលក្នុងមួយគីឡូក្រាមនៅព្រំដែននៃប្រទេសវៀតណាម។

ការឡើងថ្លៃស្រូវនេះ គឺដោយសារការផ្អាកនាំអង្ករសចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាលមកពីឥទ្ធិពលនៃកម្តៅ រាំងស្ងួត អ៊ែលនីនូ (El nino) លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។ ហើយប្រទេសដែលពឹងផ្អែកលើការនាំចូលអង្ករមានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូ (El nino) នេះដែរ ក៏សម្រុកទិញស្រូវអង្ករទាំងបង្ខំជាហេតុធ្វើឱ្យតម្លៃស្រូវ និងអង្ករ លើទីផ្សារ ជាពិសេសនៅក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ ទៅជាង ៧០០ដុល្លារក្នុងមួយតោន ដែលកត្តាទាំងនេះធ្វើឱ្យមានតម្រូវការស្រូវខ្ពស់សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាងដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវវស្សាមុនប្រទេសក្បែរ​ខាងកម្ពុជាផងដែរ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់បន្តថា «នៅក្នុងកំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋា​ភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូននិងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវាជាឱកាសល្អសម្រាប់កសិករទទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់មកជាធម្មតាវិញស្របពេលដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រតីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារក្នុងមួយតោន សម្រាប់អង្ករស។»

សហព័ន្ធស្រូវអង្ករកម្ពុជា បន្ថែមថា នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះបន្តិចមកត្រឹមចន្លោះ ១ ០៩០ ដល់១ ២៥០ រៀលក្នុងគីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្គួរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកិនស្រូវ គឺបាននិងកំពុងខិតខំប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសនិយមណាមួយមកធ្វើវិទ្ធង្សនាលើតម្លៃដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួន។

សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវឱ្យបងប្អូនប្រជាកសិករទាំងអស់ សូមមេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះផងដែរ៕