(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្ដីពី «ការផ្សព្វផ្សាយជាសាធារណៈ អំពីការដាក់ឲ្យអនុវត្ដ ប្រកាសស្ដីពី ការបោះផ្សាយលក់ឯកតាមូលនិធិ នៃគម្រោងវិនិយោគរួម នាទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

លោកបានឲ្យដឹងថា និយ័តករមូលបត្រកម្ពុជា ​បានដាក់ចេញនូវឧបករណ៍ហិរញ្ញវត្ថុមួយទៀត ដែលហៅថា មូលនិធីនៃគម្រោងវិនិយោគរួម តាមរយៈការដាក់ឲ្យអនុវត្ដជាផ្លូវការ នូវប្រកាសស្ដីពី ការបោះផ្សាយលក់ឯកតាមូលនិធី នៃគម្រោងរួម ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលក្នុងនោះ គឺមានកំណត់អំពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយលក់ឯកតាមូលនិធី នៃគម្រោងវិនិយោគរួម និងប្រតិបត្ដិការរបស់មូលនិធិ នៅក្រោយការបោះផ្សាយ។

លោកអគ្គនាយកបានបញ្ជាក់ថា ការបោះផ្សាយលក់ឯកតាមូលនិធិ នៃគម្រោងវិនិយោគ គឺអនុញ្ញាតឲ្យក្រុមហ៊ុន គ្រប់គ្រងមូលនិធិបង្កើតគម្រោងវិនិយោគ ដើម្បីប្រមូលមូលនិធិ ឬសាច់ប្រាក់ពីវិនិយោគិនរួម ដើម្បីវិនិយោគក្នុងគម្រោងដែលបានកំណត់ និងបែងចែកប្រាក់ចំណេញ ឬអត្ថប្រយោជន៍ត្រឡប់មកវិនិយោគិន ដែលបានចូលរួមវិញ។

ជាមួយគ្នានេះ លោកបានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ និយ័តករមូលបត្រកម្ពុជា បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និង/ ឬការទទួលស្គាល់ ដល់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មគម្រោងវិនិយោគរួមប្រមាណជា ៣០ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងក្រុមហ៊ុន អភិបាលមូលនិធិ ដែលជាតួអង្គសំខាន់ នៅក្នុងទីផ្សារគម្រោងវិនិយោគរួមនេះ។

ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា និយ័តករមូលបត្រកម្ពុជា មិនមែនត្រឹមតែធ្វើការសិក្សា ស្រាវជ្រាវបង្កើតនូវបទប្បញ្ញត្តិ និងផលិតផលហិរញ្ញវត្ថុថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែការផ្សព្វផ្សាយ និងការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក៏ជាកត្តាសំខាន់ផងដែរ សម្រាប់និយ័តករមូលបត្រកម្ពុជា ក្នុងការទាក់ទាញ និងទទួលការចាប់អារម្មណ៍ធ្វើការវិនិយោគ ពីសំណាក់សាធារណជន និងវិនិយោគិនមកលើទីផ្សារមូលបតនៅកម្ពុជា។

លោក ស៊ូ សុជាតិ បានឱ្យដឹងទៀតថា និយ័តករមូលបត្រកម្ពុជា នឹងមានការទទួលស្គាល់ Influencers នៅក្នុងវិស័យមូលបត្រ ចំនួន៣រូប ដែលពួកគាត់នឹងមានតួនាទីដ៏សំខាន់ នៅក្នុងការរួមចំណែកក្នុងការជំរុញការអភិវឌ្ឍ វិស័យមូលបត្រនៅកម្ពុជា និងការការពារវិនិយោគិន តាមរយៈការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់វិនិយោគិន តាមរយៈឥទ្ធិពលរបស់ពួកគាត់ នៅលើបណ្ដាញសង្គម៕