(ភ្នំពេញ)៖ លោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា បានសន្យាថានឹងខិតខំណែនាំឱ្យវិនិយោគិនចិន ធ្វើការឱ្យបានស្អិតរមួតជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀត លើគ្រប់វិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ការសន្យានេះធ្វើឡើងក្នុងឱកាសលោកស្រី ចូលជួបសម្តែងការគួរសមជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ លោកស្រី ចុង ជី បានសម្តែងការកោតសរសើរ ពីការរីកចម្រើនលើគ្រប់វិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីបានអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីមានជំនឿយ៉ាងមុតមាំ ចំពោះការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលនឹងជួយឱ្យការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែរីកចម្រើនទៅមុខ។

លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រីដែលមកបំពេញភារកិច្ចក្នុងតួនាទីដ៏សំខាន់។ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងសម្រេចបានផ្លែផ្កាល្អបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់លើការរួមគ្នា អនុវត្តអនុស្សារណៈយោគយល់គ្នា ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានចុះហត្ថលេខាកន្លងមក ដើម្បីបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច។

ចំពោះមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមិត្តចិន តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ និងក្រសួងពាណិជ្ជកម្ម នឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយ ដែលមានវិសាលភាពគ្របដណ្តប់ លើការជំរុញវិនិយោគ ក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិន។

អនុស្សារណៈយោគយល់គ្នាទាំង ៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករដ៏ស័ក្តិសិទ្ធិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕