(វ៉ាស៊ីនតោន)៖ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរិះគន់រដ្ឋាភិបាលរបស់ប្រទេសលោកខាងលិចយ៉ាងចាស់ដៃចំពោះការឱបក្រសោបគោលនយោបាយគាំពារនិយម និងការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើអំណាច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោកស្រី Ngozi Okonjo-Iweala ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងទៅកាន់សន្និសីទមួយនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទថា៖ «វិធានការការពារឯកតោភាគីនាពេលថ្មីៗនេះដែលដាក់ចេញដោយប្រទេសអភិវឌ្ឍន៍មួយចំនួន បានដើរស្របជាមួយនឹងការមិនអើពើជាទូទៅកាន់តែខ្លាំងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ហើយអង្គការ WTO ត្រូវបានមើលឃើញដោយប្រទេសអភិវឌ្ឍន៍ថាជាស្ថាប័នមិនល្អនិងលាក់ពុត»

លោកស្រីមានប្រសាសន៍ថា៖ «ប្រទេសអ្នកមានដែលបានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេឥឡូវនេះលែងចង់ប្រកួតប្រជែងដោយស្មើភាពតទៅទៀតហើយ ហើយចង់ប្តូរទៅប្រើអំណាចជាជាងប្រព័ន្ធផ្អែកលើច្បាប់»

ទោះបីជាលោកស្រី Okonjo-Iweala មិនបានសំដៅចំៗថាជាប្រទេសណាមួយក៏ដោយ ក៏រដ្ឋបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានផលិតកម្មក្នុងស្រុកបន្ថែមទៀតនៅក្នុងឧស្សាហកម្មសំខាន់ៗ និងការផ្តោតសំខាន់លើសន្តិសុខសេដ្ឋកិច្ច បន្ទាប់ពីបានអនុវត្តគោលនយោបាយអាមេរិកដែលជំរុញសកលភាវូបនីហកម្មក្នុងរយៈពេល ២៥ឆ្នាំមកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕