(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បាននិយាយនៅថ្ងៃអង្គារថា លោកស្រីមិនរំពឹងថានឹងមានការកែប្រែណាមួយចំពោះពន្ធគយដែលអាមេរិកដកហូតលើទំនិញចិនក្នុងអំឡុងរដ្ឋបាលលោក ដូណាល់ ត្រាំ ទេ រហូតទាល់តែការត្រួតពិនិត្យមើលឡើងវិញដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) ទៅលើពន្ធគយនេះត្រូវបានបញ្ចប់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Raimondo ខណៈថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា៖ «ខ្ញុំមិនគិតថា រដ្ឋបាល (លោក បៃឌីន) នឹងធ្វើការផ្លាស់ប្តូរណាមួយឡើយរហូតទាល់តែការត្រួតពិនិត្យមើលនោះត្រូវបានបញ្ចប់»

មិនមានភាពច្បាស់លាស់នោះទេថាតើនៅពេលណាដែលការិយាល័យ USTR នឹងបញ្ចប់ការពិនិត្យមើលឡើងវិញនេះទេ។

លោក ត្រាំ បានដកហូតពន្ធគយនេះនៅឆ្នាំ២០១៨ និង២០១៩ លើការនាំចូលទំនិញពីប្រទេសចិនតម្លៃ ៣៧០ពាន់លានដុល្លារនៅពេលនោះ បន្ទាប់ពីការស៊ើបអង្កេតតាម «មាត្រា ៣០១» បានរកឃើញថា ប្រទេសចិនបានកំពុងប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកដោយមិនស្មើភាពនិងមិនស្មោះត្រង់ និងបង្ខិតបង្ខំក្រុមហ៊ុនអាមេរិកឱ្យផ្ទេរបច្ចេកវិទ្យារសើបដើម្បីធ្វើអាជីវកម្មនៅប្រទេសចិន។

លោកស្រី Raimondo បានថ្លែងកាលពីថ្ងៃអង្គារថា៖ «យើងមិនបានដាក់ពន្ធគយទាំងនោះទេ។ យើងមិនគិតថា ពន្ធគយទាំងនោះត្រឹមត្រូវទាំងស្រុងនៅក្នុងករណីជាច្រើននោះទេ»។ លោកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថា ពន្ធញគយរបស់លោកត្រាំ អាចមានលក្ខណៈជាយុទ្ធសាស្ត្រច្រើនជាង ហើយនោះជាមូលហេតុដែលយើងកំពុងធ្វើការពិនិត្យមើលឡើងវិញរយៈពេល ៤ឆ្នាំមកនេះ»

ការពិនិត្យមើលឡើងវិញដោយការិយាល័យ USTR គឺ «ដើម្បីមើលថាតើ (ពន្ធគយនេះ) មានប្រសិទ្ធភាពឬអត់»។

ប៉ុន្តែលោកស្រី Raimondo បានបន្ថែមថា៖ «ការអនុវត្តរបស់ប្រទេសចិនក្នុងការឧបត្ថម្ភធនដល់ក្រុមហ៊ុនអាជីវកម្មរបស់ពួកគេបានធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតអាមេរិក ដូច្នេះយើងត្រូវការភាពស្មើភាព»។ កាលពីសប្តាហ៍មុន លោកស្រីបានរិះគន់ការដាក់កំហិតថ្មីរបស់ចិនលើក្រុមហ៊ុនអាជីវកម្មអាមេរិកដែលប្រតិបត្តិការក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕