(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ឱនភាពហិរញ្ញប្បទានពាណិជ្ជកម្មសកល បានកើនឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ ២,៥ពាន់ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ដោយសារការកើនឡើងហានិភ័យសេដ្ឋកិច្ច បានធ្វើឱ្យសមត្ថភាពផ្តល់ហិរញ្ញប្បទាន របស់ធនាគារថយចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ របាយការណ៍ស្ទង់មតិអំពីការងារ កំណើន និងឱនភាពហិរញ្ញប្បទានពាណិជ្ជកម្មឆ្នាំ២០២៣ របស់ធនាគារ ADB ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ឱនភាពហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជាភាពខុសគ្នារវាងសំណើសុំ និងការអនុម័តផ្តល់ហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ការនាំចូល និងការនាំចេញ បានកើនឡើង ៤៧% ពី ១,៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងអត្រាការប្រាក់ ចក្ខុវិស័យសេដ្ឋកិច្ចមិនល្អ អតិផរណា និងការប្រែប្រួលភូមិសាស្ត្រនយោបាយ។

លោកស្រី Suzanne Gabory អគ្គនាយកធនាគារ ADB ទទួលបន្ទុកប្រតិបត្តិការវិស័យឯកជន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឱនភាពដែលកំពុងកើនឡើងនេះ ធ្វើឱ្យមានការរំខានដល់សក្តានុពលពាណិជ្ជកម្ម ដែលផ្តល់ទៅឱ្យការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចដ៏សំខាន់តាមរយៈការងារនិងកំណើន»

យោងតាមធនាគារ ADB ប្រហែល ៨០% នៃពាណិជ្ជកម្មពឹងផ្អែកលើទម្រង់ផ្តល់ហិរញ្ញប្បទានមួយចំនួន។

របាយការណ៍នេះត្រូវបានចេញផ្សាយក្នុងគ្រាដែលពាណិជ្ជកម្មពិភពលោកស្ថិតក្នុងស្ថានភាពមិនល្អបើទោះបីជាមានកម្រិតជិតដល់កម្រិតខ្ពស់បំផុតរបស់ខ្លួននៅមុនថ្ងៃឈប់សម្រាកចុងឆ្នាំក៏ដោយ។

ក្រុមហ៊ុនដឹកជញ្ជូននានាដូចជាក្រុមហ៊ុន A.P. Moller-Maersk A/S និងក្រុមហ៊ុន CMA CGM SA មានការប្រុងប្រយ័ត្នបំផុត។ បើទោះជាការដើរថយក្រោយនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រហែលជាអាចមិនកើតឡើងក៏ដោយ ក៏ក្រុមហ៊ុនទាំងនេះរំពឹងថា ពាណិជ្ជកម្មនឹងស្ថិតក្នុងស្ថានភាពមិនល្អសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២៣នេះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អ្នកឆ្លើយតបក្នុងការស្ទង់មតិនេះបានឱ្យដឹងថា ពួកគេបានប្រឈមនឹងឧបសគ្គជាបន្តបន្ទាប់នៅឆ្នាំ២០២២ ដោយ ៦០% នៃធនាគារបានរាយការណ៍ថា ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនបានប៉ះពាល់ដល់ផលប័ត្រហិរញ្ញប្បទានពាណិជ្ជកម្មរបស់ពួកគេ។

ធនាគារ និងក្រុមហ៊ុនភាគច្រើនដែលបានចូលរួមក្នុងការស្ទង់មតិនេះជឿថា ការបន្ស៊ីទៅនឹងនឹងបរិស្ថាន សង្គម អភិបាលកិច្ច (ESG alignment) អាចជួយកាត់បន្ថយឱនភាពហិរញ្ញប្បទានពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តីបើយោងតាម ADB កត្តានេះក៏បង្កហានិភ័យឱ្យមានការកើនឡើងការចំណាយលើការផ្តល់ហិរញ្ញប្បទានផងដែរ ដែលមួយផ្នែកដោយសារដំណើរការពិនិត្យនិងវិភាគព័ត៌មានដ៏ម៉ត់ចត់ (due diligence) ដែលមានភាពស្មុគស្មាញជាងមុន។

ក្រុមហ៊ុនដែលបានចូលរួមក្នុងការស្ទង់មតិនេះបានលើកឡើងពីការផ្តល់ហិរញ្ញប្បទានមិនគ្រប់គ្រាន់ថាជាបញ្ហាប្រឈមដ៏ធំនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ពួកគេបានឱ្យដឹងថា ការទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ ឡូជីស្ទិកដែលអាចទុកចិត្តបាន និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាធាតុផ្សំដ៏សំខាន់បំផុតទាំងបីនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕