(ប៉េកាំង)៖ ប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យ Country Garden របស់ចិនបានទូទាត់ការប្រាក់មូលបត្របំណុលជាដុល្លារអាមេរិកចំនួនពីរ ខណៈរយៈពេលអនុគ្រោះបានផុតកំណត់នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលបន្ធូរបន្ថយសម្ពាធសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបបញ្ហានេះក៏ដូចជាសម្រាប់វិស័យអចលនទ្រព្យចិនដែលរងគ្រោះដោយវិបត្តិផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ប្រទេសចិនមួយនេះបានបរាជ័យទូទាត់ការប្រាក់មូលបត្របំណុលសរុបចំនួន ២២,៥លានដុល្លារអាមេរិកដែលបានផុតកំណត់នៅថ្ងៃទី៦ ខែសីហា ដោយធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះស្ថានភាពសាច់ប្រាក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ និងធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលពេញមួយរយៈពេលអនុគ្រោះរយៈពេល ៣០ថ្ងៃនេះ។

ទោះបីជាទឹកប្រាក់នេះមានចំនួនតិចតួចក៏ដោយ ប៉ុន្តែការខកខានទូទាត់សងការប្រាក់នឹងធ្វើឱ្យប៉ះពាល់ដល់ក្តីសង្ឃឹមដ៏ផុយស្រួយនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលថា កម្លាំងជំរុញគោលនយោបាយរបស់ចិនបានកំពុងចាប់ផ្តើមធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងជួបវិបត្តិ និង សេដ្ឋកិច្ចកាន់តែទូលំទូលាយមានស្ថិរភាព។

ការខកខានសងបំណុលក៏នឹងបានបង្កើនហានិភ័យនៃការក្ស័យធន ហើយក៏នឹងមានការទាមទារកាន់តែខ្លាំងពីម្ចាស់មូលបត្របំណុលផ្សេងទៀតឱ្យពន្លឿនការទូទាត់សងផងដែរ។

ក្រុមហ៊ុន Country Garden មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រទេ។ ប្រភពដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រអំពីដំណឹងទូទាត់ការប្រាក់នេះបានបដិសេធមិនបញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Country Garden បានធ្លាក់ចុះប្រហែល ៣ភាគរយនៅថ្ងៃអង្គារ ដែលបង្ហាញពីការផ្លាស់ប្តូរតិចតួចបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនបានទូទាត់សងការប្រាក់នេះ៕