(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់បន្ថែមជុំវិញ ការប្រើពូជស្រូវត្រឹម៣០គីឡូក្រាម ក្នុង១ហិកតា ដោយទទួលបានផលជាង៨តោន ក្នុងស្រែគំរូ នៅខេត្តព្រៃវែង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ពូជស្រូវនេះ គឺជាពូជស្រូវក្រអូបមកពីក្រៅប្រទេស ដោយប្រើដ្រូនដើម្បីព្រួសស្រូវ ហើយក្នុង១ដ្រូនយួរបានស្រូវចំនួន ១៥គីឡូក្រាម និងប្រើពេល១៥នាទីព្រួស។

បន្ថែមពីនោះទៀត លោកបណ្ឌិត កៅ ថាច បានឲ្យដឹងផងដែរថា ផលដែលទទួលបាននៅក្នុងមួយហិកតា ពីការប្រើពូជស្រូវនេះ ទទួលបានប្រមាណ៨តោន ដោយចំណាយពេល៩០ថ្ងៃ គឺអាចប្រមូលផលបាន ហើយក្នុងមួយហិកតាចំណាយ (លើជី ថ្នាំ ពូជ) ប្រមាណ ២លានរៀលប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ពូជស្រូវនេះបើសិនជាធន់នឹងជំងឺ ហើយធន់នឹងអាកាសធាតុ ព្រមទាំងទទួលបានផលច្រើនបែបនេះ នឹងអាចធ្វើជាអង្ករប្រណិត សម្រាប់នាំចេញទៀតផង។ លោកថា ពូជស្រូវនេះ អង្ករមានគ្រាប់ល្អ ដែលជាប្រភេទអង្ករទន់ និងក្រអូប។

ដោយសារតែពូជស្រូវនេះ មានទទួលបានទិន្នផលខ្ពស់ លោកស្នើឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ពិចារណាដើម្បីជំរុញការនាំចេញអង្ករប្រភេទនេះ ទៅកាន់ទីផ្សារបរទេស។

សូមរំលឹកថា ក្រោមការសម្របសម្រួល ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើល ការច្រូតកាត់ស្រូវជាក់ស្តែង ក្នុងស្រែគំរូ នៅខេត្តព្រៃវែង។

ស្រែគំរូនេះ មានទីតាំងស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ៣០គីឡូក្រាម ក្នុងមួយហិកតា ហើយទទួលបានផល រហូតដល់ទៅជាង៨តោន ក្នុងមួយហិកតា៕