(ភ្នំពេញ)៖ កម្ពុជាបានបន្តនាំចេញអង្ករទៅប្រទេសហ្វីលីពីន ជាលើកទី២ ក្នុងបរិមាណជាង១ពាន់តោន ​ខណៈអ្នកនាំចេញលើកឡើងពីបញ្ហាប្រឈម ដោយសារតែតម្លៃស្រូវឡើងថ្លៃ ដែលអាចនឹងប៉ះពាល់ដល់ការនាំចេញអង្ករលើកក្រោយ។

​ឧកញ៉ា គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូដ ដែលជាក្រុមហ៊ុនចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន បានប្រាប់បណ្តាញព័ត៌មាន Fresh Newsនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ការនាំចេញអង្ករក្នុងបរិមាណ ១០៤០តោន ទៅកាន់ប្រទេសហ្វីលីពិន​ លើកទី២នេះ បានធ្វើឡើងកាលពីខែសីហា ឆ្នាំ២០២៣។ អង្ករដែលបាននាំចេញ​ គឺជាប្រភេទអង្ករធម្មតា។

តែយ៉ាងនេះក្តីលោកលើកឡើងថា លោកមិនទាន់មានគម្រោងនាំចេញបន្ថែមទៀតនោះទេ ​ដោយសារបច្ចុប្បន្ននេះតម្លៃស្រូវនៅកម្ពុជា ជាពិសេសប្រភេទស្រូវធម្មតា បានឡើងថ្លៃខ្ពស់ពេក ខណៈអ្នកទទួលទិញនៅហ្វីលីពីន មិនព្រមតំឡើងថ្លៃអង្ករ ហេតុនេះហើយទើបលោកមិនអាចនាំចេញទៀតបាន ព្រោះមិនទទួលបានផលចំណេញ។​

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានសាទរ ចំពោះនាំចេញអង្ករជើងទី២ ទៅកាន់ប្រទេសហ្វីលីពិន ក្នុងបរិមាណជាង១ពាន់តោននេះ ​ក្រោយពីកម្ពុជាព្យាយាមចាប់យកទីផ្សារនេះជាច្រើនឆ្នាំ។ តែយ៉ាងនេះក្តីលោកបារម្ភថា ការឡើងថ្លៃស្រូវជាពិសេសប្រភេទស្រូវធម្មតា ដែលជាប្រភេទអង្ករហ្វីលីពិនត្រូវការ បានឡើងថ្លៃគួរឱ្យកត់សម្គាល់ ដែលអាចនឹងប៉ះពាល់ដល់ការនាំចេញ។

យោងតាមតម្លៃស្រូវដែលកត់ត្រា ដោយសហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវនៅដើមខែកញ្ញានេះ មានតម្លៃជាមធ្យមប្រមាណ ១៣០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកតម្លៃអង្ករប្រភេទធម្មតានៅលើទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ ៦៥០ដុល្លារ​ក្នុងមួយតោន។

សូមជម្រាបថា ក​ម្ពុជា​បានចាប់ផ្តើមនាំចេញអង្ករក្នុងបរិមាណច្រើនជាលើកដំបូង ទៅប្រទេសហ្វីលីពីន ក្នុងបរិមាណ​២ ៥៧៥តោន ក្នុងនោះប្រភេទអង្ករផ្កាម្លិះក្រហម​ចំនួន ៧៥តោន និងប្រភេទអង្ករបាយទន់​ចំនួន ២៥០០តោន​ កាលពីដើមឆ្នាំ២០២៣នេះ បន្ទាប់ពីហ្វីលីពីន បានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោល គឺពីការនាំចូលតាមរយៈរដ្ឋ មកឯកជនវិញ។ ​

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៧ខែ ​ឆ្នាំ២០៣នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦២ ៧០៨តោន បានចំណូលជាង២៥៣លានដុល្លារ ខណៈការនាំចេញស្រូវបានចំនួន ២.៤លានតោន ​ទទួលបានចំណូល​ជាង ៦៦៣​លានដុល្លារ៕