(រុស្ស៊ី)៖ ឧបនាយករដ្ឋមន្រ្តីលោក Alexander Novak បានប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាប្រទេសរុស្ស៊ីបានយល់ព្រមជាមួយប្រទេសជាដៃគូរបស់ខ្លួននៅក្នុងអង្គការ OPEC+ លើការកាត់បន្ថយការនាំចេញប្រេងឆៅបន្ថែមទៀត។

លោក Novak ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅឯកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ជាមួយលោក ពូទី ថា៖ «យើងបានយល់ព្រម ប៉ុន្តែយើងនឹងប្រកាសអំពីប៉ារ៉ាម៉ែត្រសំខាន់ៗនៅសប្តាហ៍ក្រោយ»

ប្រទេសរុស្ស៊ីបានសន្យាថានឹងទប់ស្កាត់ការនាំចេញប្រេងឆៅរបស់ខ្លួនចំនួន ៥សែនបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា បន្ទាប់មកទម្លាក់មកនៅសល់ត្រឹម ៣សែនបារ៉ែលក្នុងមួយថ្ងៃវិញនាពេលមួយខែក្រោយ។ កាលពីថ្ងៃពុធ លោក Novak បានថ្លែងថា ប្រទេសរុស្ស៊ីកំពុងពិភាក្សាអំពីការបន្តកាត់បន្ថយការនាំចេញក្នុងរយៈពេលពីខែកញ្ញាដល់ខែតុលា នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។

សេចក្តីថ្លែងការណ៍របស់រុស្ស៊ី ដែលជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំពីរនៃអង្គការ OPEC+ បានធ្វើឡើងក្នុងគ្រាដែលទីផ្សាររំពឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលមួយខែរហូតដល់ខែតុលា។

ខណៈពេលដែលទីផ្សារប្រេងឆៅពិភពលោកកំពុងរឹតបន្តឹងស្របពេលដែលតម្រូវការកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ការកើនឡើងតម្លៃប្រេងនៅរដូវក្តៅនេះបានជាប់គាំងដោយសារការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។ កត្តានេះបង្កហានិភ័យសម្រាប់ទីក្រុងរីយ៉ាដដែលបានមើលឃើញថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០០៩មក។

តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំមួយខែពោលគឺខ្ពស់ជាង ៨៨ដុល្លារក្នុងមួយបារ៉ែលនៅទីក្រុងឡុងដ៍កាលពីខែមុន ប៉ុន្តែបានធ្លាក់ចុះមកវិញចាប់តាំងពីប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងច្រើនជាងគេលើកពិភពលោកប្រឈមនឹងវិបត្តិនានារាប់ចាប់ពីភាពអត់ការងារធ្វើរបស់យុវជនរហូតដល់ភាពចលាចលនៅក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មធនាគារស្រមោល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕