(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញអង្កររបស់ប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែសីហា បានកើនឡើង ១១,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៥,២៩លានតោន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Ronarong Poolphiphat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ទីផ្សារនាំចេញកំពូលគឺប្រទេសឥណ្ឌូនេស៊ី អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសចិន។

តម្លៃអង្ករពិភពលោកបានកើនឡើងចាប់តាំងពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេលលើពិភពលោក បានហាមឃាត់ការនាំចេញនៅក្នុងខែកក្កដា ដោយបន្សល់ទុកនូវកង្វះចំនួន ១០លានតោនក្នុងទីផ្សារពិភពលោក។ តម្លៃអង្ករគោលនៅអាស៊ីបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា ប្រទេសថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោករំពឹងថានឹងនាំចេញអង្ករចំនួន ៨លានតោននៅឆ្នាំនេះ។

ប្រទេសមីយ៉ាន់ម៉ាដែលជាប់ចំណាត់ថ្នាក់ទីប្រាំខាងនាំចេញអង្ករបានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនក៏មានផែនការទប់ស្កាត់ការនាំចេញផងដែរ។

លោក Ronarong បានថ្លែងថា ប្រទេសហ្វីលីពីនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនាំចូលអង្ករជាមួយប្រទេសថៃ។ លោកបានបន្ថែមថា ភាពច្បាស់លាស់អំពីកិច្ចព្រមព្រៀងនេះនឹងបានដឹងនៅចុងខែក្រោយ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើតម្លៃល្អ កសិករនឹងដាំដុះកាន់តែច្រើន។ លោក Ronarong ក៏បានព្រមានផងដែរថា ស្ថានភាពគ្រោះរាំងស្ងួតដែលកើតឡើងដោយបាតុភូតអាកាសធាតុអ៊ែលនីណូ (El Nino) នឹងប៉ះពាល់ដល់ផលិតកម្មសម្រាប់ឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕