(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់បំណុល Moody's បានទម្លាក់ចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិន Country Garden ចំនួនបីចំណាត់ថ្នាក់ពី Caa1 ដល់ Ca កាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែមានការព្រួយបារម្ភថា ក្រុមហ៊ុនអាចនឹងឈានដល់មាត់ជ្រោះនៃបរាជ័យសងបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kaven Tsang អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Moody's ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ការទម្លាក់ចំណាត់ថ្នាក់ជាមួយនឹងទស្សនវិស័យអវិជ្ជមាននេះឆ្លុះបញ្ចាំងពីសាច់ប្រាក់ងាយស្រួលដ៏តានតឹងរបស់ក្រុមហ៊ុន Country Garden និងការកើនឡើងហានិភ័យនៃការបរាជ័យសងបំណុល ក៏ដូចជាការរំពឹងថានឹងមានការស្ទុះងើបឡើងវិញទន់ខ្សោយសម្រាប់អ្នកកាន់មូលបត្របំណុលរបស់ក្រុមហ៊ុន»

បញ្ហាលំបាករបស់ក្រុមហ៊ុន Country Garden ក៏ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសំណើបោះផ្សាយមូលបត្រកាលពីថ្ងៃពុធ ដើម្បីជួយដោះស្រាយដល់ការសងបំណុល ក៏ដូចជាការខកខានការទូទាត់ការប្រាក់ដល់មូលបត្របំណុលជាប្រាក់ដុល្លារចំនួនពីរកាលពីដើមខែនេះផងដែរ។

កាលពីថ្ងៃពុធ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិនមួយនេះបានព្រមានពីហានិភ័យនៃការបរាជ័យសងបំណុល ប្រសិនបើដំណើរការហិរញ្ញវត្ថុរបស់ខ្លួនបន្តធ្លាក់ចុះ ហើយក្រុមហ៊ុនបាននិយាយថា ខ្លួន «មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង» ចំពោះការខាតបង់យ៉ាងច្រើនបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងឆមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕