(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេស​​ ខណៈប្រទេសនេះចាត់ទុកថា កម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូល ដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង ១០ប្រទេស។

កិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជារវាងកម្ពុជា-ឥណ្ឌូណេស៊ី ធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក Pahala Nugraha Mansury បានជួបពិភាក្សាទ្វេភាគីជាមួយ ​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ​និងលោក​ ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

ក្នុងចំណោមអង្ករ ដែលឥណ្ឌូនេស៊ីបានបញ្ជាទិញបរិមាណ ១២៥ ០០០តោននេះ ក្នុងនោះអង្ករ ស មានបរិមាណ១០ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ​អនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា​។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

​ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នា ឱ្យមានការរៀបចំឡើងវិញ នូវអនុស្សារណនៃការយោគយល់ ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ​រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥ម៉ឺនតោន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ​។

​លោក Pahala Nugraha Mansury បា​នសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានបញ្ជាក់ពីភាពចាំបាច់ ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀង សម្រាប់ឥណ្ឌូនេស៊ី។

​លោកបានលើកឡើងថា វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

​លោក ប៉ាន សូរស័ក្តិ បានជំរុញឥណ្ឌូនេស៊ី បង្កើនការបញ្ជាទិញពីកម្ពុជាបន្ថែម ក្រោមរូបភាពរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)។ ព្រមជាមួយគ្នានេះ លោកបានលើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ ក៏ដូចជាលើកទឹកចិត្ត និង​ជំរុញឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេសទាំងពីរតាមរយៈជំនួបផ្ទាល់ និងភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចការនាំចេញអង្ករ និងផលិតផលកសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

លោក ឌិត ទីណា ​បានថ្លែងថា ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្ករ ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀង សម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត។ ការងារនេះក៏នឹងមានការសហការគាំទ្រ ពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។

​លោកបានគូសបញ្ជាក់ ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់​។​

សូមជម្រាបថា ជាកិច្ច​ព្រមព្រៀងទិញអង្កររបស់ឥណ្ឌនេស៊ី ដែលធ្វើឡើងតែ៧ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយ​ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី​៕