(ហាណូយ)៖ ប្រភពចំនួនពីរបានឱ្យដឹងថា ក្រុមហ៊ុននាំចេញរបស់វៀតណាម បានចរចាដំឡើងតម្លៃសម្រាប់កិច្ចសន្យាទិញលក់អង្ករប្រហែល ៥សែនតោន ខណៈដែលតម្លៃអង្ករពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំបន្ទាប់ពីឥណ្ឌាបានហាមឃាត់នាំចេញ អង្ករកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នេះជាការបញ្ជាក់លើកដំបូងហើយ អំពីតម្លៃអង្ករនេះដែលឡើងថ្លៃ បន្ទាប់ពីមានការហាមឃាត់ដ៏គួរឱ្យភ្ញាក់ផ្អើល ពីសំណាក់ប្រទេសឥណ្ឌា ដែលបណ្តាលឱ្យប្រទេសនាំចូលត្រូវបង់ថ្លៃបន្ថែម សម្រាប់គ្រាប់ធញ្ញជាតិ ដែលជាអាហារចម្បងយ៉ាងទូលំទូលាយបំផុតរបស់ពិភពលោកមួយនេះ ក្នុងគ្រាដែលមានការរឹតបន្តឹងការផ្គត់ផ្គង់។

ប្រភពទាំងពីរដែលជាពាណិជ្ជករ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រទេសនាំចូលនានា រួមទាំងឥណ្ឌូនេស៊ី និងហ្វីលីពីនបានបង់ថ្លៃបន្ថែមចន្លោះពី ៣០ដុល្លារទៅ ៨០ដុល្លារក្នុងមួយតោន ពីលើតម្លៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួមហើយក្នុងតម្លៃប្រហែល ៥៥០ដុល្លារក្នុងមួយតោន សម្រាប់អង្ករក្រអូបវៀតណាមមុនពេលឥណ្ឌា បានហាមឃាត់ការនាំចេញអង្ករសក្នុងខែកក្កដា។

ការបន្ថែមតម្លៃនេះផ្តល់ឱ្យអ្នកលក់អង្ករ នូវប្រាក់ចំណូលបន្ថែមប្រហែល ១៥លានទៅ ៤០លានដុល្លារបើធៀបនឹងតម្លៃ ដែលបានព្រមព្រៀងគ្នាមុនពេលមានការហាមឃាត់ការនាំចេញ ពីសំណាក់ប្រទេសឥណ្ឌា។

ពាណិជ្ជករម្នាក់ មកពីក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិមួយ បានប្រាក់រ៉យទ័រថា៖ «អ្នកទិញបានយល់ព្រមបង់ថ្លៃខ្ពស់ សម្រាប់អង្ករមួយចំនួនដែលពួកគេបានទិញ សម្រាប់ការចែកចាយនៅខែសីហា»។ លោកបានបន្ថែមថា ក្នុងខែនេះ អង្ករប្រមាណ ២០ម៉ឺនតោន ត្រូវបានចែកចាយ ខណៈពេលដែល ៣០ម៉ឺនតោនទៀតនៅមិនទាន់ត្រូវបានលើកដាក់ នៅលើកប៉ាល់នៅកំពង់ផែវៀតណាមនៅឡើយ។

តម្លៃអង្ករពិភពលោកបានកើនឡើង ប្រហែល ២០ភាគរយដែលធ្វើឱ្យតម្លៃកើនឡើងដល់កម្រិតខ្ពស់រយៈពេល ១៥ឆ្នាំគិតចាប់តាំងពីប្រទេសឥណ្ឌា ដែលមានចំណែកប្រមាណ ៤០ភាគរយនៃការផ្គត់ផ្គង់ពិភពលោក បានហាមឃាត់ការនាំចេញអង្ករសមិនមែនប្រភេទបាស្មាទី (basmati) កាលពីខែមុន។ ការសម្រេចចិត្តរបស់ឥណ្ឌាបានកាត់បន្ថយអង្ករ ក្នុងទីផ្សារពិភពលោកចំនួន ១០លានតោន ឬ ២០ភាគរយ៕