(កូឡុំបូ)៖ ប្រទេសស្រីលង្កាកាលពីថ្ងៃអង្គារបានដកបម្រាមនាំចូលរថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ផ្សេងទៀតជាលើកដំបូងគិតចាប់តាំងពីខែមីនាឆ្នាំ២០២០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសស្រីលង្កាបាននិងកំពុងបន្ធូរបន្ថយការរឹតបន្តឹងការនាំចូលជាបណ្តើរៗ ដែលត្រូវបានដាក់នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីកង្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងនេះក្តី នេះជាលើកទីមួយហើយ ដែលប្រទេសអាស៊ីខាងត្បូងមួយនេះបានលុបចោលការរឹតបន្តឹងមួយចំនួនលើយានយន្តដែលត្រូវបានដាក់ក្នុងខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលចេញដោយលោកប្រធានាធិបតី Ranil Wickremesinghe ថា យានជំនិះធុនធ្ងន់ រួមទាំងរថយន្តក្រុង រថយន្តដឹកទំនិញ និងរថយន្តដឹកប្រេង ឥឡូវនេះអាចនាំចូលបាន។

ទោះយ៉ាងណា ការហាមប្រាមលើការនាំចូលរថយន្តដឹកអ្នកដំណើរ រួមទាំងរថយន្តធុនតូចផងដែរនោះនឹងនៅជាធរមានដដែល។

សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាមានស្ថិរភាពក្នុងរយៈពេលប្រាំបួនខែចុងក្រោយនេះ បន្ទាប់ពីប្រទេសនេះទទួលបានថវិកាសង្គ្រោះចំនួន ២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលនាំឱ្យអត្រាអតិផរណាធ្លាក់ចុះមកនៅក្រោមការគ្រប់គ្រងបានវិញ និងជួយឱ្យប្រាក់បម្រុងរូបិយប័ណ្ណអន្តរជាតិរបស់ប្រទេសនេះកើនឡើងវិញផងដែរ។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាបានកើនឡើង ២៦ភាគរយដល់កម្រិតខ្ពស់រយៈពេល ១៩ខែ ពោលគឺមានចំនួន ៣,៨ពាន់លានដុល្លារគិតត្រឹមខែកក្កដាដោយសារការផ្ទេរប្រាក់កាន់តែរឹងមាំ និងប្រាក់ចំណូលពីវិស័យទេសចរណ៍។ ទិន្នន័យរបស់ធនាគារកណ្តាលស្រីលង្កាបានបង្ហាញថា រូបិយប័ណ្ណរបស់ស្រីលង្កាបានឡើងថ្លៃប្រហែល ១៣,៥ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕