(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួន ចង់ឲ្យមានការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយជំរុញសេដ្ឋកិច្ចកម្ពុជា។

អ្នកឧកញ៉ា លាង ម៉េង បានលើកទឹកចិត្ដដល់អ្នកវិនិយោគទាំងអស់ គួរគប្បីកុំវិនិយោគទៅលើអ្វីមួយ ដែលមានការវិនិយោគច្រើនគ្នាពេក ដែលទីផ្សារឆ្អែក ដោយក្នុងនោះអ្នកឧកញ៉ាបានលើកជាឧទាហរណ៍ លើវិស័យសណ្ឋាគារ ដែលបច្ចុប្បន្ននេះសណ្ឋាគារ គឺមានចំនួនច្រើនហើយ ដូច្នេះគួរតែវិនិយោគលើវិស័យផ្សេង។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ក៏ចង់ឲ្យរាជរដ្ឋាភិបាលមានផែនទីបង្ហាញផ្លូវដល់អ្នកវិនិយោគ ដើម្បីផ្ដល់ភាពងាយស្រួល ព្រោះថា បើសិនជាអ្នកវិនិយោគនាំគ្នាវិនិយោគលើវិស័យអ្វីមួយច្រើនហួស វាមិនសូវមានផលចំណេញដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនោះឡើយ។

អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងថា ក្នុងនាមលោកជាអ្នកវិនិយោគដ៏ធំមួយរូប នៅក្នុងប្រទេសកម្ពុជា និងជាកូនខ្មែរ គឺលោកចង់ក្លាយជាចលករមួយក្នុងសេដ្ឋកិច្ចជាតិ ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើន៕