(ភ្នំពេញ)៖ ឧកញ៉ា គង់ សាង ​ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានថ្លែងថា ​វិបត្តិសេដ្ឋកិច្ចសាកល​ដែលបន្តអូសបន្លាយមកដល់ពេលនេះ នឹងធ្វើឱ្យស្ថានភាពវិស័យកាត់ដេរនៅកម្ពុជា នៅឆមាសទី២នេះ នឹងមិនប្រែប្រួលប៉ុន្មានឡើយ បន្ទាប់ពីឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញបានធ្លាក់ចុះប្រមាណជិត ២០%។

ក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា គង់ សាង បានថ្លែងថា ឆមាសទី១ ការនាំចេញផលិតផលកាត់ដេរ បានធ្លាក់ចុះជិត ២០% ដោយសារកត្តាបញ្ជាទិញ និងការខ្វះការប្រកួតប្រជែង។

លោកបានគូសបញ្ជាក់ថា ការបញ្ជាទិញផលិតផលកាត់ដេរ ត្រូវបានកាត់បន្ថយ ​ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ច ហេតុនេះហើយពួកគេបង្វែរទៅប្រទេសបង់ក្លាដេសវិញ ព្រោះប្រទេសនេះមានលទ្ធភាពអាចផលិតទំនិញតម្លៃថោកបាន។ ​លោកថា វិបត្តិសេដ្ឋកិច្ច ធ្វើឱ្យពិភពលោក ត្រូវការទំនិញថោក ​ហេតុនេះហើយកន្លែងណាថោក គេនឹងរត់ទៅកន្លែងនោះ។

លោកបន្តថា «នៅឆមាសទី២នេះ យើងព្យាករណ៍ទៅក៏មិនមានអីប្រែប្រួលច្រើនដែរ ដោយសារវិបត្តិដែលយើងបានដឹងឮទាំងអស់គ្នា។ ហេតុដូច្នេះខ្ញុំមានការគិតមួយ ដើម្បីយើងកែសម្រួល ហើយឈានទៅប្រកួតប្រជែងតទៅទៀតបាន គឺបញ្ហាទី១ តម្លៃពលកម្ម។ បើយើងប្រៀបធៀបតម្លៃពលកម្មរបស់យើង ស្មើនឹងតំបន់ A របស់វៀតណាម ប៉ុន្តែផលិតភាពយើងស្មើនឹង ៧០%នៃតំបន់ A របស់វៀតណាមប៉ុណ្ណោះ ហេតុដូច្នេះយើងត្រូវតែបណ្តុះបណ្តាលជំនាញ លើវិស័យនេះបន្តទៀត ដើម្បីប្រកួតប្រជែង»

​ជាមួយគ្នានេះ កម្ពុជាត្រូវបន្តបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ ដើម្បីគាំទ្រនិងទាក់ទាញការបង្កើតរោងផលិតក្រណាត់នៅកម្ពុជា ដើម្បីទ្រទ្រង់ផលិតកម្ម​ក្នុងវិស័យនេះ។

ទន្ទឹមគ្នានេះ លោកបានសំណូមពរ​សហគមន៍អឺរ៉ុប និងអាមេរិក បន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដល់កម្ពុជា​​ ដើម្បីទ្រទ្រង់ដល់វិស័យកាត់ដេរនៅកម្ពុជា។ ហើយលោកសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងកែទម្រង់ជាបន្តបន្ទាប់ ដើម្បីជាភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

លោកលើកឡើងបន្តថា វិស័យកាត់ដេរ គឺជាវិស័យដ៏សំខាន់ដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា ដែលកាលពីឆ្នាំ២០២២ ផលិតផលកាត់ដេរត្រូវបាននាំចេញក្នុង ១២ ៥០០លានដុល្លារអាមេរិក។

គិតត្រឹមមកដល់ខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរចំនួន ១០៧៧ និងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជិត ៨០ម៉ឺននាក់។

យោងតាមរបាយកការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញសម្លៀកបំពាក់ទទួលបានថវិកាជាង ៤.៤ពាន់លានដុល្លារ ថយចុះប្រមាណ២០% និងការនាំចេញស្បែកជើងទទួលបាន ៨០៨លានដុល្លារ ថយចុះ២២.៧%៕