(វែលីងតោន)៖ ធនាគារពិភពលោកបានឱ្យដឹងថា បំណុលសាធារណៈនៅប្រទេសស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិកភាគច្រើនរំពឹងថានឹងធ្លាក់ចុះក្នុងរយៈពេល ១២ខែខាងមុខ ខណៈប្រទេសនានាដើរឆ្ពោះទៅរកការបន្ធូរបន្ថយបន្តិចម្តងៗនូវវិធានការជំរុញសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយស្ថានភាពសារពើពន្ធមានភាពប្រសើរឡើង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍របស់ធនាគារពិភពលោកស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា៖ «ស្របតាមកិច្ចខិតខំប្រឹងប្រែងពង្រឹងសារពើពន្ធ បំណុលសាធារណៈត្រូវបានព្យាករថានឹងធ្លាក់ចុះក្នុងកំឡុងឆ្នាំ២០២៣-២០២៤ នៅទូទាំងតំបន់ប៉ាស៊ីហ្វិក (លើកលែងតែនៅកោះសូឡូម៉ុន និងរដ្ឋសហព័ន្ធមីក្រូនេស៊ី)»

បំណុលបានកើនឡើងនៅក្នុងតំបន់នេះចាប់តាំងពីឆ្នាំ២០១៩ ដោយសារប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានរងផលប៉ះពាល់ដោយការបិទព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ ពាណិជ្ជកម្មត្រូវបានប៉ះពាល់ដោយបញ្ហាប្រឈមផ្នែកដឹកជញ្ជូន ហើយព្រឹត្តិការណ៍អាកាសធាតុបណ្តាលឱ្យមានការខូចខាតផ្សេងៗ។ ប្រទេសនានាបានជ្រើសយកបំណុលបន្ថែមដើម្បីអនុវត្តកញ្ចប់ជំនួយ និងជំរុញសេដ្ឋកិច្ច។ ការណ៍នេះបានកើតមានជាពិសេសនៅក្នុងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ដូចជាប្រទេសហ្វីជី ប៉ាឡៅ (Palau) និងវ៉ានូអាទូ (Vanuatu)។

ធនាគារពិភពលោកធ្លាប់បានឱ្យដឹងថា ប្រទេសចំនួនប្រាំមួយនៅតំបន់ប៉ាស៊ីហ្វិកពោលគឺប្រទេសគីរីបាទី សាធារណរដ្ឋកោះម៉ាស្យល រដ្ឋសហព័ន្ធមីក្រូនេស៊ី សាម័រ តុងហ្គា និងទូវ៉ាលូ ស្ថិតក្នុងហានិភ័យខ្ពស់នៃវិបត្តិបំណុល។

ទោះជាយ៉ាងណា របាយការណ៍នេះបានបន្ថែមថា នៅពេលដែលឱនភាពសារពើពន្ធកើនឡើងនៅកោះសូឡូម៉ុន និងរដ្ឋសហព័ន្ធមីក្រូនេស៊ី រដ្ឋាភិបាលទាំងនេះត្រូវបានរំពឹងថានឹងបង្កើនការខ្ចីប្រាក់បន្ថែមដើម្បីបំពេញកង្វះខាតហិរញ្ញប្បទាន ដែលជាការបង្កើនបំណុលសាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕