(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន២ទៀត ​កំពុងធ្វើការចរចា និងជ្រើសរើសទីតាំង ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា​ ខណៈបច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួន៣ហើយកំពុងវិនិយោគក្នុងឧស្សាហកម្មនេះនៅកម្ពុជា។

លោក ជា វុទ្ធី ថ្លែងបែបនេះធ្វើឡើងនៅក្នុង វេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១ ខែសីហានេះ ​ដើម្បីជំរុញ និងទាក់ទាញការវិនិយោគនៅកម្ពុជា ពីបណ្តាវិនិយោគិនទាំងក្នុង និងក្រៅស្រុក។

លោកបន្តថា ក្រុមហ៊ុនចំនួន២នេះ កំពុងស្វែងទីតាំងនៅវិនិយោគ នៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន​ ​ដែលបច្ចុប្បន្នមាន​ចំនួន២៤។

បើតាមអគ្គលេខាធិការរង បច្ចុប្បន្ននេះក្រុមហ៊ុនដែលកំពុងវិនិយោគក្នុងឧស្សាហកម្មផលិតសំបកកង់រថយន្ត ​មានចំនួន៣ក្រុមហ៊ុន ដែលមានទីតាំងនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងក្រុងបាវិត ខេត្តស្វាយរៀង។ ​

លោកមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនវិនិយោគទាំង៥ក្រុមហ៊ុននេះ ​នឹងចូលរួមចំណែកស្រូបកៅស៊ូកម្ពុជា យ៉ាងតិចចំនួនប្រមាណ២សែនតោន​ក្នុងមួយឆ្នាំ ​ស្របពេលដែលបច្ចុប្បន្ននេះ ការផលិតជ័រកៅស៊ូនៅក្នុងទូទាំងប្រទេស​បានបរិមាណសរុបជាង៥០ម៉ឺនតោន សម្រាប់ការនាំចេញ។ ក្នុងនោះនាំចេញក្រៅផ្លូវការ ប្រមាណ២០ម៉ឺន និងផ្លូវការប្រមាណ៣០ម៉ឺនតោន។​​

លោកលើកឡើងបន្តថា «ខ្ញុំបានខិតខំប្រឹងប្រែងដើម្បីពិភាក្សាជាមួយនឹងបណ្តាក្រុមហ៊ុនទាំងអស់នោះ ដើម្បីធ្វើយ៉ាងណាឱ្យទិញជ័រកៅស៊ូនៅកម្ពុជា ដើម្បីយកទៅផលិតសំបកកង់រថយន្ត។ ព្រោះដើម្បីផលិតបានសំបកកង់រថយន្តមួយ គឺយើងត្រូវការគ្រឿងបង្គុំ និងវត្ថុធាតុដើមប្រមាណជាង១០០មុខ។ នៅកម្ពុជាយើង មានតែកៅស៊ូមួយទេ ដែលអាចរួមចំណែកនៅក្នុងខ្សែចង្វាក់នៃការផលិតសំបកកង់រថយន្ត»

លោកបានឱ្យដឹងបន្តថា មកដល់ពេលនេះ មានតែក្រុមហ៊ុនមួយទេ ដែលបានទិញជ័រកៅស៊ូកម្ពុជា ដែលក្នុងរយៈពេល៥ខែនេះ ក្រុមហ៊ុននេះបានទិញចំនួន១៤០០០តោន ​ហើយក្រុមហ៊ុនដទៃទៀតបាននាំចូលវត្ថុធាតុដើម ពាក់កណ្តាលសម្រេច ពីប្រទេសជិតខាង។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានថវិកាជាង៣៨៥លានដុល្លារ កើនឡើង៤៣%៕