(ក្រុងឡុង)៖ តម្លៃប្រេងឆៅបានកើនឡើងកាលពីថ្ងៃសុក្រក្នុងគ្រាដែលមានការព្យាករពីតម្រូវការបរកបដោយភាពសុទិដ្ឋិនិយមពីអង្គការប្រទេសនាំចេញប្រេង OPEC និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាចែកចាយអនាគតបានកើនឡើង ៤៩សេន ឬ ០,៦% ដល់ ៨៦,៨៩ដុល្លារក្នុងមួយបារ៉ែល ខណៈប្រភេទឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកកើនឡើង ៤៩សេន ឬ ០,៦% ដូចគ្នាដល់ ៨៣,៣១ដុល្លារក្នុងមួយបារ៉ែល។

ប្រេងឆៅទាំងពីរប្រភេទនេះបានកើនឡើងគិតចាប់តាំងពីខែមិថុនាមក ដោយការជួញដូរប្រេងឆៅប្រភេទ WTI កាលពីថ្ងៃព្រហស្បតិ៍ស្ថិតក្នុងតម្លៃខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលប្រេងឆៅប្រភេទ Brent កើនឡើងដល់តម្លៃខ្ពស់បំផុតគិតចាប់តាំងពីចុងខែមករាមក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានព្រមានពីលទ្ធភាពធ្លាក់ចុះខ្លាំងនូវស្ដុកប្រេងឆៅពិភពលោកក្នុងឆ្នាំ២០២៣នេះ ដែលជំរុញឱ្យតម្លៃកាន់តែខ្ពស់ បើទោះជាទីភ្នាក់ងារនេះរំពឹងថា កំណើនតម្រូវការនឹងថមថយមកនៅត្រឹម ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៤ក្តី ពោលគឺធ្លាក់ចុះ ១៥ម៉ឺនបារ៉ែលធៀបនឹងការព្យាករកន្លងមករបស់ខ្លួន។

អង្គការប្រទេសនាំចេញប្រេង (OPEC) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនរំពឹងថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២,២៥លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៤ ធៀបនឹងកំណើននៅឆ្នាំនេះដែលមានចំនួន ២,៤៤លានបារ៉ែលក្នុងមួយថ្ងៃ។ ការព្យាករទាំងពីរនេះមិនប្រែប្រួលនេះធៀបនឹងកាលការព្យាករកាលពីខែមុន។

អង្គការ OPEC បានបន្ថែមថា ក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងគ្រាដែលមានភាពប្រសើរឡើងជាបន្តនៃសេដ្ឋកិច្ចក្នុងប្រទេសចិន ត្រូវបានរំពឹងថានឹងជំរុញការប្រើប្រាស់ប្រេង។

លោក Tamas Varga អ្នកវិភាគប្រេងមកពីក្រុមហ៊ុន PVM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «តម្រូវការកាន់តែមានភាពសុទិដ្ឋិនិយម។ ការព្យាករដ៏រីករាយទាំងនេះបង្ហាញថា អង្គការ OPEC មានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ចពិភពលោក»៕