(ហ្សាការតា)៖ ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ីបានឱ្យដឹងនៅសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors គ្រោងនឹងវិនិយោគ ៥,៧ពាន់ពាន់លានរូពៀ (៣៧៥,២៥លានដុល្លារ) នៅឆ្នាំ២០២៤ ដើម្បីពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្មថា ក្រុមហ៊ុន Mitsubishi គ្រោងនឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនរហូតដល់ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ២០២៤ និងចាប់ផ្តើមការផលិតរថយន្តអគ្គិសនី Minicab-MiEV នៅក្នុងរោងចក្ររបស់ខ្លួនក្នុងប្រទេសឥណ្ឌូណេស៊ីនៅចុងឆ្នាំនេះ។

ឥណ្ឌូណេស៊ីបាននិងកំពុងផ្តល់ការលើកទឹកចិត្តនានាដើម្បីទាក់ទាញការវិនិយោគទៅក្នុងការផលិតរថយន្តអគ្គិសនី។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីលោក Agus Gumiwang Kartasasmita បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលុបចោលពន្ធនាំចូល និងពន្ធលើតម្លៃបន្ថែមលើរថយន្តអគ្គិសនីសម្រាប់ក្រុមហ៊ុនដែលវិនិយោគក្នុងរោងចក្ររថយន្តអគ្គិសនីក្នុងស្រុក។

លោក Agus បានមានប្រសាសន៍ថា៖ «យើងមានសុទិដ្ឋិនិយមថា ប្រសិនបើអនុវត្តមែន ការណ៍នេះអាចជំរុញការវិនិយោគនិងបង្កើនតម្រូវការប្រើប្រាស់រថយន្តអគ្គិសនី»

អ្នកនាំពាក្យក្រុមហ៊ុន Mitsubishi បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នាយកប្រតិបត្តិមកពីទីស្នាក់ការកណ្តាលទីក្រុងតូក្យូរបស់ខ្លួនកាលពីថ្ងៃពុធបានជួបជាមួយលោក Agus ដើម្បីពិភាក្សាគ្នា តែអ្នកនាំពាក្យរូបនេះបដិសេធធ្វើអត្ថាធិប្បាយបន្ថែម៕