(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី បានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិធំបំផុត របស់អូស្រ្តាលី គឺក្រុមហ៊ុន CBH Group ត្រូវបានអនុញ្ញាតឱ្យបន្តការនាំចេញស្រូវបាឡេ ទៅកាន់ប្រទេសចិនឡើងវិញ ដែលការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីប្រទេសចិន បានលុបចោលពន្ធប្រឆាំងការលក់បង្ខូចថ្លៃ លើការនាំចូលស្រូវបាឡេរបស់អូស្ត្រាលី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានផ្អាកការនាំចូលស្រូវបាឡេ ពីក្រុមហ៊ុន CBH Grain ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CBH Group នៅចុងឆ្នាំ២០០០ បន្ទាប់ពីមានការចោទប្រកាន់ថា បានរកឃើញសត្វល្អិតនៅក្នុងទំនិញ។ ការផ្អាកនេះបានកើតឡើងក្នុងអំឡុងពេលមានទំនាក់ទំនងទាបរវាងប្រទេសទាំងពីរ នៅពេលដែលប្រទេសចិនបានដាក់ការរឹតបន្តឹង លើទំនិញនាំចូលពីរអូស្ត្រាលីជាច្រើនប្រភេទ រួមទាំងស្រូវបាឡេ ស្រា ធ្យូងថ្ម និងបង្កង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន CBH Grain និងក្រុមហ៊ុន Emerald Grain Australia នឹងអាចបន្តពាណិជ្ជកម្មស្រូវបាឡេជាមួយប្រទេសចិនភ្លាមៗ បន្ទាប់ពីប្រទេសចិន បានចុះបញ្ជីក្រុមហ៊ុននាំចេញទាំងពីរនេះឡើងវិញ។

រដ្ឋមន្ត្រីទាំងពីរត្រូវបានដកស្រង់ ស្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា «ការអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរ ធ្វើពាណិជ្ជកម្មឡើងវិញ គឺជាលទ្ធផលនៃការពិភាក្សាបច្ចេកទេស ដែលកំពុងបន្តរវាងប្រទេសទាំងពីររបស់យើង... នេះគឺជាជំហានវិជ្ជមានមួយផ្សេងទៀត ឆ្ពោះទៅរកស្ថិរភាពនៃទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន»។

ប្រទេសចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបញ្ចប់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធនលើស្រូវបាឡេ របស់អូស្ត្រាលី។ យោងតាមរបាយការណ៍ របស់រដ្ឋាភិបាលអូស្រ្តាលីកាលពីឆ្នាំមុន ក្រុមហ៊ុន CBH Group គឺជាក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិធំបំផុត របស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕