(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រសិនបើអង្ករនៅលើទីផ្សារឡើងថ្លៃជ្រុល ដែលនាំឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មនឹងអន្តរាគមន៍ តាមរយៈការបញ្ចេញសន្និធិស្បៀងត្រៀមបម្រុង​ទុករបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឡើងថ្លៃអង្ករ នៅលើទីផ្សារ។

ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម ស្របពេលដែលបច្ចុប្បន្ននេះ តម្លៃស្រូវនៅកម្ពុជា បានកើនឡើងប្រមាណ២០% ខណៈអង្ករនៅលើទីផ្សារវិញបានកើនឡើងប្រមាណ៥%។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា បើទោះបីជាបច្ចុប្បន្ននេះ តម្លៃស្រូវកើនឡើង និងជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារកើនឡើងក៏ដោយ ​ប៉ុន្តែ​មិនមែនស្ថិតក្នុងស្ថានភាពដែលគួរឱ្យព្រួយបារម្ភ​ខ្លាំងនោះទេ ដោយនេះគឺជាចរន្តនៃការប្រែប្រួលថ្លៃទៅតាមតម្រូវការ និងការផ្គត់ផ្គង់ប៉ុណ្ណោះ។

លោកបន្តថា ប្រសិនបើអង្ករឡើងថ្លៃ ដល់កម្រិតមួយដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក្រសួងពាណិជ្ជដែលមានក្រុមហ៊ុន ហ្រ្គីនត្រេដ​ ​ដែលជាសហគ្រាសទទួលបន្ទុកគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នឹងមានវិធានការសមស្រប ទៅតាមករណីឡើងថ្លៃ​ ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មិនទាន់ដល់ដំណាក់កាល ដែលត្រូវអនុវត្តនៅឡើយទេ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងមានស្បៀងគ្រប់គ្រាន់ សម្រាប់អន្តរាគមន៍តាមស្ថានភាព ជាក់ស្តែងដូចជារឿងដែលយើងធ្លាប់ធ្វើកន្លងមកហើយ ដូចជាបញ្ហាកូវីដ១៩ ដែលក្រសួងពាណិជ្ជកម្មបានអន្តរគមន៍ ទៅលើតម្លៃស្រូវអង្ករ។ខ្ញុំសូមជម្រាបថា ប្រជាពលរដ្ឋមិនគួរមានការព្រួយបារម្ភទេ បើតម្លៃអង្ករឡើងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋលើសពីធម្មតា ដោយសារកង្វះខាតស្បៀង ឬក៏ពាក់ព័ន្ធតម្លៃឡើងថ្លៃជ្រុល យើងអាចនឹងមានវិធានការជាក់ស្តែងភ្លាមៗសម្រាប់ករណីនេះ​»។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានថ្លែងថា បញ្ហាស្បៀងអាហារ ពិភពលោកបានជួបបញ្ហា​តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែមិនធំដុំប៉ុន្មានទេ​​។ យ៉ាងណាមិញវិបត្តិស្បៀងនេះកើតឡើង​កាន់តែខ្លាំង បន្ទាប់ពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន​ ដែលនាំឱ្យប្រទេសមួយចំនួន មិនបានផលិត ឬកាត់បន្ថយផលិត​ ដែលនាំឱ្យតម្លៃស្បៀងអាហារកើនឡើង។ ​បញ្ហានេះបានធ្វើឱ្យបណ្តាលប្រទេសមួយចំនួន ជាពិសេសនៅអឺរ៉ុបបានជួបបញ្ហាវិបត្តិ​នេះ។ ដោយមើលឃើញបញ្ហានេះ ​ទើបធ្វើប្រទេសឥណ្ឌាបិទការនាំចេញអង្ករ ដែលនាំឱ្យតម្លៃអង្ករនៅលើទីផ្សារ ។

លោកថា កត្តានេះបានជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមានចំពោះកម្ពុជា។ ចំពោះផលវិជ្ជមាន គឺប្រជាកសិករ ដែលធ្លាប់តែត្អូញត្អែរឿងស្រូវធ្លាក់ថ្លៃ នឹងទទួលបានតម្លៃខ្ពស់ជាងសព្វដង ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយសារតម្លៃអង្ករលើទីផ្សារកើនឡើង ហើយប្រសិនបើគាត់មានប្រាក់ចំណូលថេរ នឹងធ្វើឱ្យពួកគេជួបនូវវិបត្តិ។

តែយ៉ាងនេះក្តី ចំពោះកសិករដែលរីករាយនឹងតម្លៃស្រូវកើនឡើងនោះ ក៏គួរតែត្រៀមស្បៀងទុកសម្រាប់ផ្គត់ផ្គង់គ្រួសារខ្លូនឯងផងដែរ ព្រោះនៅពេល​ដែលប្រមូលផលលក់អស់ ពេលត្រូវការទៅទិញមកវិញ នឹងចំណាយច្រើន ដែលនាំ​ឱ្យប៉ះពាល់ដល់ជីវភាពក្នុងរយៈពេលវែង។

លោកថា រាជរដ្ឋាភិបាលគួរតែបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីតាមដានពីកម្លាំងផលិតកម្មស្បៀងនៅកម្ពុជា និងសន្និធិសម្រាប់ប្រើប្រាស់ និងបំរុងទុក ទម្រាំដល់រដូវដែលប្រជាកសិករប្រមូលផលឡើងវិញ ដើម្បីជៀសវាងនូវវិបត្តិកង្វះស្បៀងអាហារនេះ​ ព្រោះនៅពេលដែលជួបវិបត្តិកង្វះស្បៀង អង្ករអាចនឹងឡើងថ្លៃខ្លាំង ហើយអាចនឹងឈានទៅនាំចូលអង្ករសម្រាប់ផ្គត់ផ្គង់ផងដែរ។

លោកបន្ថែមថា «យើងក៏គួរតែរៀនសូត្រពីបទពិសោធន៍ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញស្បៀងធំជាងគេនៅលើពិភពលោក ប៉ុន្តែឥឡូវបែរជាកាត់បន្ថយ ឬផ្អាកការនាំចេញ។ អ៊ីចឹងប្រហែលមានបញ្ហា ឬផលណាមួយដែលគេគិតក្នុងរយៈពេលវែង។ ខ្ញុំគិតថាជាបទពិសោធន៍សម្រាប់កម្ពុជាដែរ ព្រោះថាសព្វថ្ងៃនេះក៏យើងចង់ឱ្យមានការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន ទៅតាមអ្វីដែលខ្លួនមាន ប៉ុន្តែតាមបទពិសោធន៍ប្រទេសឥណ្ឌា កម្ពុជាគួរតែគិតឱ្យបានហ្មត់ចត់មែនទែន ចំពោះការធ្វើតុល្យការអំពីផលិតកម្មស្បៀង សន្និធិស្បៀង និងការនាំចេញស្បៀង»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា តម្លៃស្រូវនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់។ មកទល់ថ្ងៃទី៧ ខែសីហា តម្លៃស្រូវ​បានកើនឡើងចន្លោះពី ១២០០រៀលដល់ ១៣០០រៀល ក្នុងមួយគីឡូក្រាម៕