(ភ្នំពេញ)៖ តម្លៃស្រូវនៅកម្ពុជា កំពុងហក់ឡើងថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុន ស្របពេលដែលប្រទេសឥណ្ឌាបានប្រកាសបិទមិនឲ្យមានការនាំចេញអង្ករប្រភេទមួយចំនួន។

កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើនជាងគេនៅលើពិភពលោក បានបិទមិនឲ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិស្បៀងនៅក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករសនៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់។

ក្រោយការប្រកាសរបស់ឥណ្ឌា គេមើលឃើញថា ជាឱកាសសម្រាប់ ប្រទេសជិតខាងរបស់កម្ពុជា គឺថៃ និងវៀតណាម ក្នុងការបង្កើនការនាំចេញដោយទទួលបានតម្លៃខ្ពស់។ ចំណែកកម្ពុជាវិញ អាចនឹងធ្វើឱ្យកសិករទទួលបានផលប្រយោជន៍ខ្លះដែរ ពីការឡើងថ្លៃនៃតម្លៃស្រូវជាពិសេសប្រភេទស្រូវធម្មជា មិនមែនអង្ករក្រអូប។

ឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន Khmer Food បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឥណ្ឌាបិទការនាំចេញអង្ករមិនក្រអូប ពោលគឺប្រភេទ អង្ករស និងអង្ករបាក់ គឺដើម្បីរក្សាតំលៃអង្ករក្នុងប្រទេសឥណ្ឌា។

តែយ៉ាងណាមិញ ឧកញ៉ា គឹម សាវុធ មើលឃើញថា វាអាចជាហានិភ័យសម្រាប់កម្ពុជាទៅវិញនោះទេ។ លោកលើកឡើងបែបនេះ ដោយសារតែបច្ចុប្បន្ននេះ តម្លៃស្រូវ ប្រភេទធម្មតា បានឡើងថ្លៃខ្លាំង ដោយសាវៀតណាមទិញឱ្យតំលៃខ្ពស់ពេក ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម។ ការឡើងថ្លៃនៃតម្លៃស្រូវធម្មតានេះហើយ បានជំរុញឱ្យតម្លៃអង្ករនៅលើទីផ្សារឡើងថ្លៃផងដែរ។

បើតាមអ្នកជំនួញលើវិស័យស្រូវអង្ករល្បីឈ្មោះរូបនេះ បានឱ្យដឹងថា នៅប៉ែកខេត្តតាកែវ ឈ្មួញវៀតណាម បានមកទិញក្នុងតំលៃ១២៥០ រៀលក្នុង១គីឡូ សម្រាប់ប្រភេទស្រូវធម្មតា។

លោកថា «បើខ្មែរមិនបិទកានាំចេញស្រូវអង្ករ(ប្រភេទមិនក្រអូប)នោះគឺជាហានិភ័យរបស់យើង ព្រោះអង្ករប្រភេទមិនក្រអូបគឺជាតម្រូវការរបស់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យម ពិសេសគឺកម្មករ»។

លោក វណ្ណ ម៉ាប់ កសិករនៅស្រុកបាទី ខេត្តតាកែវ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅឆ្នាំនេះ តម្លៃស្រូវបានឡើងខ្ពស់ គួរឱ្យកត់សម្គាល់។ ជាក់ស្តែងស្រូវចំណី ឬចាស់ ដែលបានរក្សាស្តុកទុកកាលពីរដូវចម្រូតមុន មានឈ្មួញចុះមកទិញដោយឱ្យតម្លៃ១៤០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលរាល់ឆ្នាំលក់បានត្រឹមតែ១១០០រៀលទៅ១២០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

ក្រៅពីតម្លៃស្រូវខាងលើ លោក កត់សម្គាល់ឃើញថា «កសិករនៅក្នុងភូមិឃុំរបស់ខ្ញុំ ដែលដាំដុះស្រូវប្រភេទអ៊ីអ៊ែរ ដែលជាប្រភេទស្រូវ ដាំក្នុងក្នុងរយៈពេលខ្លីក៏មានការកើនឡើងថ្លៃខ្លាំងផងដែរ ដោយកន្លងមក មានតម្លៃត្រឹមតែចន្លោះពី៨០០រៀលទៅ១០០០រៀលប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំនេះ បានឡើងថ្លៃពី១០០០រៀលទៅ១២០០រៀលក្នុងមួយគីឡូក្រាម។ កតម្លៃកើនឡើងបែបនេះ កសិករផលិតស្រូវសប្បាយចិត្ត និងបង្កើនផលិតស្រូវអ៊ីអ៊ែរនេះបន្ថែមទៀតផងដែរ។ ការឡើងថ្លៃស្រូវនេះធ្វើឱ្យកសិករសប្បាយចិត្តដែលលក់ស្រូវបានថ្លៃ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអង្ករអាចនឹងឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់»។

យោងតាម តម្លៃស្រូវសើមនៅតាមបណ្តាខេត្តមួយចំនួនដែលបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅខេត្តកំពង់ធំ(ស្រុកស្ទឹងសែន និងកំពង់ស្វាយ)តម្លៃស្រូវប្រភេទអូអឹម មានតម្លៃ ១០៦០រៀលក្នុងមួយគីឡូក្រាម ខណៈនៅខេត្តបន្ទាយមានជ័យ (ស្រុកភ្នំស្រុក) ស្រូវប្រភេទនេះមានតម្លៃ១០៥០ និងនៅខេត្តតាកែវ(ស្រុកគិរីវង្ស) មានតម្លៃ១ ១៤៥រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកស្រូវសែនក្រអូបវិញ មានតម្លៃ ១ ១៦០រៀលក្នុងមួយគីឡូក្រាម។ រីឯស្រូវ អ៊ីអ៊ែរ មានតម្លៃ១ ១៥៥រៀលក្នុងមួយគីឡូក្រាម ហើយនៅខេត្តតាកែវ និងនៅខេត្តព្រៃវែងមានតម្លៃចន្លោះពី១ ១៣០រៀល ទៅ១ ១៤០ រៀលក្នុងមួយគីឡូក្រាម។

ជុំវិញបញ្ហានេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម( ARDB ) បានបើកកិច្ចប្រជុំជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការនំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។

ជាមួយគ្នាលោកបណ្ឌិតកៅ ថាច បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃតម្លៃស្រូវនាពេលបច្ចុប្បន្ន ដែលបណ្តាលឱ្យអង្ករឡើងថ្លៃ និងការនាំចេញធ្លាក់ចុះ។ លោកបន្តថា ធនាគារ ARDB នឹងបន្តតាមដានស្ថានភាពនេះបន្ថែម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់ មាននៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈ ពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀល/គ.ក្រ៕