(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពីថ្ងៃអង្គារបានទម្លាក់ចំណាត់ថ្នាក់ឥណទានកំពូល របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល បើទោះបីជាមានការដោះស្រាយវិបត្តិបំណុល កាលពីពីរខែមុនក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីភ្នាក់ងារ Fitch បានទម្លាក់ចំណាត់ថ្នាក់បំណុល របស់សហរដ្ឋអាមេរិកពី AAA មកត្រឹម AA+ ដោយលើកឡើងពីការធ្លាក់ចុះសារពើពន្ធ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ និងការកើតមានឡើងដដែលៗ នូវចរចាអំពីពីដានបំណុលដែលគំរាមកំហែងដល់លទ្ធភាព របស់រដ្ឋាភិបាលក្នុងការទូទាត់ការចំណាយរបស់ខ្លួន។

ដំបូងឡើយ Fitch បានបង្ហាញពីលទ្ធភាពនៃការទម្លាក់ចំណាត់ថ្នាក់បណុលនេះរួចហើយ កាលពីខែឧសភា បន្ទាប់មកបានរក្សាចំណាត់ថ្នាក់នេះ នៅដដែលក្នុងខែមិថុនាបន្ទាប់ពីវិបត្តិបំណុលត្រូវបានដោះស្រាយ។ ទោះជាយ៉ាងណា នៅពេលនោះ Fitch បានលើកឡើងថា ខ្លួនមានបំណងបញ្ចប់ការពិនិត្យមើលឡើងវិញនៅក្នុងត្រីមាសទីបីឆ្នាំនេះ។

ជាមួយនឹងការទម្លាក់ចំណាត់ថ្នាក់បំណុលនេះ Fitch បានក្លាយជាទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុលធំទីពីរ បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់បំណុល Standard & Poor's បានម្លាក់ចំណាត់ថ្នាក់បំណុលរបស់សហរដ្ឋអាមេរិក ពីចំណាត់ថ្នាក់កំពូល AAA របស់ខ្លួន។

ការទម្លាក់ចំណាត់ថ្នាក់បំណុលរបស់ Fitch បានកើតឡើងពីរខែបន្ទាប់ពីប្រធានាធិបតីលោក Joe Biden និងសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយគណបក្សយសាធារណរដ្ឋបានឈានដល់កិច្ចព្រមព្រៀងស្ដីពីពិដានបំណុលដែលបានព្យួរកម្រិតកំណត់នៃការខ្ចីប្រាក់របស់រដ្ឋាភិបាលចំនួនដែលមានចំនួន ៣១,៤ពាន់ពាន់លានដុល្លារអាមេរិក ដែលបានបញ្ចប់វិបត្តិនយោបាយអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕