(ភ្នំពេញ)៖ ក្នុងជំនួបដ៏រាក់ទាក់ និងកក់ក្តៅជាមួយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) នៅថ្ងៃទី០២ ខែសសីហា ឆ្នាំ២០២៣ សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។

លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលដឹកនាំគណៈប្រតិភូវិនិយោគ ១៥ក្រុមហ៊ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះលទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ ហើយដែលលទ្ធផលនៃការបោះឆ្នោតនេះ បានជំរុញទឹកចិត្តក្រុមវិនិយោគិនចិន នៅក្រុងណឹងប៉ ឲ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោក ជា វុទ្ធី បានជម្រាបជូន លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ប្រទេសចិនថា នេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបបន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ បានបញ្ចប់ដោយរលូន, សន្តិភាព, មានយុត្តិធម៌ និងតម្លាភាព។

ក្នុងន័យនេះ លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមា ពីការវិនិយោគលើវិស័យគន្លឹះនានា ដែលកម្ពុជាមានសក្តានុពលតាម រយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព កម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនថា ក្រុមហ៊ុនប្រមាណជាង ៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែង នៅក្នុងពាក់កណ្តាលខែសីហានេះ៕