(តូក្យ)៖ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងនៅចុងសប្តាហ៍មុនថា ជប៉ុននឹងបន្តការហាមឃាត់នាំចេញរថយន្តប្រណីតទៅកាន់ប្រទេសរុស្ស៊ីចាប់ពីខែនេះទៅដែលនឹងគ្របដណ្តប់លើរថយន្តថ្មី និងរថយន្តជជុះកម្លាំងម៉ាស៊ីនចាប់ពី ១ ៩០០ស៊ីស៊ី ខណៈប្រទេសនេះបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការហាមឃាត់កាន់តែទូលំទូលាយនេះនឹងចូលជាធរមាននៅថ្ងៃទី៩ ខែសីហា ហើយទំនងជានឹងទប់ស្កាត់ការនាំចេញរថយន្តជជុះរបស់ជប៉ុនទៅកាន់ប្រទេសរុស្ស៊ី ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមកើតមានជម្លោះដោយសារមានតម្រូវការខ្ពស់នូវយានយន្តដែលអាចទុកចិត្តបាន និងប្រើប្រាស់បានយូរ។

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីជប៉ុន បានសម្រេចកែប្រែបទបញ្ជាត្រួតពិនិត្យការនាំចេញ ដែលហាមឃាត់ការនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី។

លោក Nishimura បានមានប្រសាសន៍ថា៖ «ជាមួយវិធានការនេះ ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីនូវរថយន្តដែលមានកម្លាំងម៉ាស៊ីនលើសពី ១ ៩០០ស៊ីស៊ី រថយន្តដឹកអ្នកដំណើរម៉ាស៊ីនកូនកាត់ និងសំបកកង់រថយន្តធំជាដើម នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី៩ ខែសីហាទៅ»។

រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការហាមឃាត់ដែលត្រូវបានពង្រីកនេះក៏រួមបញ្ចូលផងដែរនូវរថយន្តកូនកាត (hybrid) រថយន្តកូនកាត់បញ្ចូលអគ្គិសនីខាងក្រៅ (plug-in hybrid) និងរថយន្តអគ្គិសនី។

មន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថា ក្រសួងនឹងបង្ហាញព័ត៌មានលម្អិតអំពីទំនិញដែលរងផលប៉ះពាល់មួយសប្តាហ៍មុនពេលច្បាប់នេះចូលជាធរមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕