(ប៉េកាំង)៖ វិធានការគ្រប់គ្រងរបស់ប្រទេសចិនលើការនាំចេញលោហៈធាតុពីរប្រភេទដែលមានសារៈសំខាន់ក្នុងការផលិតឧបករណ៍អេឡិចត្រូនិកបានចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍នេះពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញវិធានការទប់ស្កាត់ការលក់ដ្រូនមួយចំនួនទៅកាន់បរទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបានបង្កើនវិធានការរឹតបន្តឹងរារាំងក្រុមហ៊ុនចិនក្នុងការទទួលបានឧបករណ៍បន្ទះឈីបទំនើបៗ។

ប្រទេសចិនដែលព្យាយាមសម្រេចបានស្វ័យផ្គត់ផ្គង់នូវការបង្កើតបន្ទះឈីបបានឱ្យដឹងថា វិធានការរបស់អាមេរិកមានគោលបំណងរក្សាភាពគ្របដណ្តប់របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សារាចរណ៍មួយដែលចេញដោយក្រសួងពាណិជ្ជកម្មចិនថា ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះទៅ ក្រុមហ៊ុនចិនដែលស្វែងរកការនាំចេញសារធាតុហ្គាលីយ៉ូម (gallium) ឬហ្គឺម៉ានីញ៉ូម (germanium) នឹងត្រូវការទទួលបានអាជ្ញាប័ណ្ណជមុនសិន។

ស្ថិតក្រោមច្បាប់ថ្មីនេះ ក្រុមហ៊ុនចិនក៏នឹងត្រូវផ្តល់ព័ត៌មានអំពីអ្នកទទួលចុងក្រោយ និងផ្តល់ព័ត៌មានលម្អិតអំពីការប្រើប្រាស់ចុងក្រោយរបស់ពួកគេផងដែរ។

ប្រទេសចិនមានចំណែករហូតដល់ទៅ ៩៤ភាគរយនៃផលិតកម្មហ្គាលីមនៅក្នុងពិភពលោក ដែលប្រើប្រាស់ក្នុងសៀគ្វីចម្រុះ អំពូលភ្លើង LED និងបន្ទះថាមពលពន្លឺព្រះអាទិត្យ (photovoltaic) នេះបើយោងតាមរបាយការណ៍របស់សហភាពអឺរ៉ុបដែលបានចេញផ្សាយនៅឆ្នាំនេះ។

សម្រាប់សារធាតុហ្គឺម៉ានីញ៉ូមដែលជាសារធាតុដ៏សំខាន់សម្រាប់ខ្សែអុបទិច និងអ៊ីនហ្រ្វា (infrared) ប្រទេសចិនមានចំណែក ៨៣ភាគរយនៃផលិតកម្ម។

ដោយហៅវិធានការទប់ស្កាត់នេះថាជា «សារច្បាស់លាស់មួយ» ទៅកាន់សហរដ្ឋអាមេរិកអ្នកវិភាគលោក James Kennedy បានប្រាប់ AFP ថា ការទប់ស្កាត់នេះ «បញ្ជូនសញ្ញាច្បាស់លាស់មួយថា ប្រទេសចិនកាន់កាប់អំណាចទាំងអស់នៅក្នុងល្បែកដ៏គ្រោះថ្នាក់មួយ»។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសយកការង្កើនវិធានការបន្ថែមទៀត ការឆ្លើយតបបន្ទាប់របស់ចិននឹងមានបង្កឱ្យមានផលវិបាក»៕