(ភ្នំពេញ)៖ អតិផរណានៅកម្ពុជា បានបន្តនិន្នាការថយចុះនៅឆមាសទី១ ឆ្នាំ២០២៣នេះ មកកម្រិត ១.២%វិញ ទាបជាងកាលពីឆមាសទី២ ឆ្នាំ២០២២ ដែលបានកើនឡើងក្នុងកម្រិត ៤.១% និង​កម្រិត៦.៦%​ នៅឆមាសទី១ ឆ្នាំ២០២២។​ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ធនាគារជាតិបានបញ្ជាក់ថា ​ការថយចុះកម្រិតអតិផរណានៅកម្ពុជានេះ មូលហេតុចម្បងបណ្តាលមកពីការថយចុះនៃថ្លៃប្រេង និងការថយល្បឿននៃការឡើងថ្លៃម្ហូបអាហារ ស្របពេលដែលអតិផរណាស្នូលមានកម្រិតទាប។ ​

ធនាគារជាតិបានឱ្យដឹងថា ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះមក -​៦,៣% នៅឆមាសទី១នេះ ខណៈនៅឆមាសទី២ ឆ្នាំ២០២២ ស្ថិតក្នុងកម្រិត ៣​.៨% និង១៨.៤% នៅឆមាសទី១ ឆ្នាំ២០២២​ ស្របតាមនិន្នាការថមថយ នៃថ្លៃប្រេងឆៅពិភពលោក។

ចំណែកកំណើនថ្លៃក្រុម ម្ហូបអាហារបានបន្តថយល្បឿនមក ២.៦% ​ស្របពេលនៅឆមាសទី ២ ឆ្នាំ២០២២ កើនដល់ ៤​.៣% និង ៥.៦% នៅឆមាសទី១ ឆ្នាំ២០២២​ ដែលជាចម្បងបណ្ដាលមកពីភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលនាំឱ្យមានការថមថយថ្លៃដើមផលិត ដូចជា ជី កសិកម្ម ថ្នាំសម្លាប់សត្វល្អិតនិងស្មៅ និងប្រេង ឥន្ធនៈ។

ដោយឡែក អតិផរណាស្នូលបានបន្តនិន្នាការថយល្បឿនមក ១.៥% ខណៈនៅឆមាសទី២ ឆ្នាំ២០២២ ៣​.៨% និង ៥% នៅឆមាសទី១ ឆ្នាំ២០២២​ ដែលជាចម្បង បណ្តាលមកពីមូលដ្ឋានខ្ពស់ស្រាប់នៅគ្រាដូចគ្នាឆ្នាំមុន គួបផ្សំនឹងឥទ្ធិពលពីការថមថយថ្លៃម្ហូប អាហារនិងប្រេងឥន្ធនៈ។

ធនាគារជាតិ ក៏បានបញ្ជាក់ផងដែរថា ការរក្សាបាននូវស្ថេរភាព​អត្រាប្តូរប្រាក់ បានរួមចំណែកធ្វើឱ្យអតិផរណា នៅក្នុងឆមាសទី១ ថយចុះមកកម្រិតទាបប្រមាណ១.២%​ផងដែរ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា ទន្ទឹមនឹង​ស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិក លើទីផ្សារអន្តរជាតិ មាននិន្នាការកើនឡើង ប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាព ក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកទេសាភិបាលបានបញ្ជាក់ទៀតថា ដោយសារបញ្ហាដុល្លារូបនីយកម្មការប្រែប្រួល អត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័ស មកលើអត្រាអតិផរណានៅកម្ពុជា ព្រោះកាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ ថ្លៃទំនិញ និងសេវានានានឹងអាចកើនឡើងភ្លាម។ ដូចនេះក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ការថយចុះនៃកម្រិតអតិផរណានៅកម្ពុជា ​អាចមកពីកត្តាការនាំចេញរបស់កម្ពុជាក្នុងឆមាសទី១នេះ ស្ថិតក្នុងកម្រិតល្អប្រសើរប្រហាក់ប្រហែលនឹងឆ្នាំមុន ដែលនាំឱ្យកម្រិតអតិផរណា ស្ថិតក្នុងភាពល្អ។ ជាមួយគ្នានេះ កត្តាការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជារួម មានលក្ខណៈ​ល្អប្រសើរ ដោយសារការដំណើរការនៃមុខរបរ និងការវិនិយោគលើវិស័យនានា នៅតែដំណើរការល្អ ​ព្រមជាមួយនឹងការគ្រប់គ្រងលើអត្រាប្តូរប្រាក់រវាងប្រាក់រៀល និងរូបិយវត្ថុបរទេស ក៏ដូចជាការរក្សាបាននូវស្ថេរភាពហិរញ្ញវត្ថុនៅកម្ពុជា។

លោកលើកឡើងបន្តថា «ជារួមខ្ញុំគិតថាកត្តាសំខាន់ គឺចំណុចទាំងបីនេះ ដែលធ្វើឱ្យអត្រាអតិផរណានៅកម្ពុជាយើងមានលក្ខណៈល្អប្រសើរ ពោលគឺអត្រា ១.២% គឺជាអត្រាល្អប្រសើរ មិនមានការប្រែប្រួលខ្លាំងដូចកាលពីឆ្នាំ២០២២»

យោងតាមរបាយការណ៍របស់ធនាគារជាតិ ​សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ រំពឹងថានឹងបន្តកើនឡើងក្នុងរង្វង់៥.៥% ហើយអត្រាអតិផរណាត្រូវបានព្យាករថានឹងថយចុះមកក្នុងរង្វង់ ២% វិញ។ ការថយចុះនេះ ដោយសារថ្លៃប្រេងឥន្ធនៈ ត្រូវបានព្យាករថានឹងថមថយក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកមានកំណើនយឺតជាងឆ្នាំមុន និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។

យ៉ាងណាមិញ សេដ្ឋកិច្ចតំបន់ និងពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ ដូច្នេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យ ចម្បងៗមួយចំនួន រួមមាន៖ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ទន្ទឹមនឹង ការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចទាញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាឱ្យថយចុះ និងប៉ះពាល់ដល់ការនាំចេញ លំហូរវិនិយោគមកកម្ពុជា និងវិស័យទេសចរណ៍, ការថយចុះអត្រាអតិផរណានៅប្រទេសអភិវឌ្ឍន៍យឺតជាង ការរំពឹងទុកអាចនាំទៅដល់ការបន្តដំឡើងអត្រាការប្រាក់គោល ដែលបង្កជាសម្ពាធមកលើអត្រាការប្រាក់នៅកម្ពុជា
ជាពិសេសក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា មានកម្រិតដុល្លារូបនីយកម្មខ្ពស់ ,ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក អាចបណ្ដាលឱ្យមានឥទ្ធិពលមកលើស្ថិរភាពអត្រាប្ដូរប្រាក់រៀល ព្រមទាំងប៉ះពាល់ដល់ភាពប្រកួតប្រជែង លើការនាំចេញនិងការចំណាយរបស់ទេសចរអន្តរជាតិ ​,ការអូសបន្លាយនៃការឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោក អាចនាំឱ្យកើតមានវីរុសកូវីដបំប្លែងខ្លួនថ្មី ដែលមានលក្ខណៈ ឆ្លងរាលដាលខ្លាំងឡើងវិញ, ការប្រែប្រួលអាកាសធាតុអាចនាំឱ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងបង្កជាសម្ពាធទៅលើថ្លៃក្រុមម្ហូបអាហារ ,ការកើនឡើងនៃឧក្រិដ្ឋកម្មសាយប័រ ដែលអាចធ្វើឱ្យ រអាក់រអួលដល់ដំណើរការប្រព័ន្ធទូទាត់ និងសេដ្ឋកិច្ចទាំងមូល និងការកើនឡើងសម្ពាធបំណុល ក្រុមគ្រួសារ និងក្រុមហ៊ុន-សហគ្រាស ប្រសិនបើសេដ្ឋកិច្ចកើនឡើងយឺតជាងការរំពឹងទុក ដែលអាច នាំទៅដល់ការធ្លាក់ចុះតម្រូវការប្រើប្រាស់ ការវិនិយោគ និងគុណភាពឥណទានជាដើម៕