(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួន ១៨.៤ប៊ីលានដុល្លារអាមេរិក បានកើនឡើងបន្តិចវិញប្រមាណ ៣.២% ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធ ពីការដួលរលំធនាគារពាណិជ្ជមួយចំនួន នៅសហរដ្ឋអាមេរិក និងការខាតបង់របស់ធនាគារ Credit Suisse ជាធនាគារធំមួយនៅប្រទេសស្វីស និងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ក្ដី។

ចំពោះទុនបម្រុងអន្ដរជាតិរបស់កម្ពុជាមាន ១៨.៤ប៊ីលានដុល្លារអាមេរិកនេះ នឹងអនុញ្ញាតឲ្យនាំចេញនាំចូលទំនិញ និងសេវាកម្មសំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាមរបាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។

យោងតាមរបាការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា «ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលពីការកើនឡើងចំណូល ពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា»

តាមរបាយការណ៍បញ្ជាក់ថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិមូលដ្ឋាន សម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់នឹងវិបត្តិខាងក្រៅ។

ការវិនិយោគទុនបម្រុងអន្តរជាតិ ត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ និងគោរពតាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ប្រកបដោយសុវត្ថិភាពសន្ទនីយភាព និងទទួលបានចំណូលសមស្រប។

នៅដើមឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជាបាន ធ្វើបច្ចុប្បន្នកម្មសេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាគ នៃចំណែកទុនបម្រុងវិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាស ពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ។

ធនាគារជាតិនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ លើការបង្កើនការវិនិយោគលើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប។

សូមជម្រាបថា យោងតាមការពន្យល់របស់ធនាគារជាតិនៃកម្ពុជា ទុនបម្រុងអន្ដរជាតិ ជាទ្រព្យសម្បត្តិរបស់ប្រទេសមួយ ដែលទទួលស្គាល់ជាអន្ដរជាតិ និងគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ដូចជា ការផ្ដល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនជាមានតម្រូវការ ការធ្វើអន្ដរាគមន៍លើទីផ្សារប្ដូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្ដូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ៕