(កំពត)៖ ​លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានថ្លែងថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេង សម្រាប់ការរីកចម្រើននាពេលខាងមុខ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ជ្រាបសាធារណជន​ឱ្យយល់ដឹងពី អត្ថប្រយោជន៍នៃការធានារ៉ាប់រង ដើម្បី​ចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។

​លោក រស់ សីលវ៉ា ថ្លែងបែបនេះធ្វើឡើងនៅក្នុង «ទិវាធានារ៉ាប់រង ២០២៣» ដែលបានរៀបចំឡើងដោយ ​សមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា ​នៅពហុកីឡដ្ឋានខេត្តកំពត ដោយមានការចូលរួមពីរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម គ្រឹះស្ថានឧត្តមសិក្សា សមាគមនានា និងសាធារណជននៅក្នុងខេត្តកំពតយ៉ាងច្រើន កុះករ កាលពីថ្ងៃចុងសប្តាហ៍នេះ។

លោកបន្តថា ស្របពេលដែលទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពល ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសកង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង់ ដែលកត្តានេះទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបញ្ជ្រាបសាធារណជន បន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង។

ដោយមើលឃើញនូវសក្តានុពល និងបញ្ហាប្រឈមទាំងនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ ទិវាធានារ៉ាប់រងនេះឡើងដោយសង្ឃឹមជឿជាក់ថា ទិវាធានារ៉ាប់រងនេះ នឹងរួមចំណែកជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាពិសេនៅក្នុងខេត្តកំពតផ្ទាល់ តាមរយៈការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការរុញសេវាធានារ៉ាប់រងឱ្យកៀកនឹងប្រជាពលរដ្ឋខេត្តកំពត។

​ទិវាធានារ៉ាប់រងនេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់​ៗ ដើម្បីលើកកម្ពស់ ការយល់ដឹង និងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន,បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមាន ចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងអណត្តិទី៦របស់រាជរដ្ឋាភិបាល និងបង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាផ្នែកដ៏សំខាន់មួយនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលមានតួនាទីក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសរំលេចឱ្យឃើញថា វិស័យធានារ៉ាប់រងកម្ពុជាមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ជិតពីរទសវត្សកន្លងមកនេះ។ ជាក់ស្តែង នៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានា​ រ៉ាប់រងសរុបចំនួន៩៧ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ក្រុមហ៊ុនជើង សាធានារ៉ាប់រងចំនួន២០ ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។

ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៣២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រាប្រមាណ១,១៧% នៃ ផ. ស. ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៥៣ ដុល្លារអាមេរិកក្នុងមួយនាក់​៕