(ភ្នំពេញ)៖ បច្ចុប្បន្ននេះមុខរបរចិញ្ចឹមបង្កង បានក្លាយជាមុខរបរមួយមានប្រជាប្រិយភាពរបស់ប្រជាពលរដ្ឋ ខណៈបង្កងមានតម្រូវការទីផ្សារខ្ពស់ ចំណែកតម្លៃក៏ល្អ។

ជាក់ស្ដែងមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងខេត្តតាកែវ ដែលល្បីល្បាញបង្កងឆ្ងាញ់ជាងគេនោះ បានចាប់របរចិញ្ចឹមបង្កងនេះ។

លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលបានថ្លែងថា មុខរបរចិញ្ចឹមបង្កងបានក្លាយជាមុខរបរមួយ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពុងចាប់អារម្មណ៍ចិញ្ចឹម ដែលពីមុនការចិញ្ចឹមបង្កងនេះមានប្រមាណ១០គ្រួសារប៉ុណ្ណោះ ប៉ុន្ដែគិតមកដល់ពេលនេះមានរហូតដល់ជាង ២០គ្រួសារបានចាប់របរចិញ្ចឹមបង្កងនេះ។

លោកបានបន្ដថា ក្នុងនោះមានប្រជាពលរដ្ឋស្ថិតក្នុងស្រុកទ្រាំង ស្រុកបាទី​ ស្រុកអង្គរបុរី ស្រុកកោះអណ្ដែត ស្រុកបុរីជល់សារ ក្រៅពីនោះក៏មានបងប្អូនប្រជាពលរដ្ឋមកពីខេត្តកំពង់ឆ្នាំង បាននិងកំពុងចាប់អារម្មណ៍លើការប្រកបរបរចិញ្ចឹមបង្កងនេះ ព្រមទាំងបានកំពុងសិក្សាពីកសិដ្ឋានចិញ្ចឹមបង្កង នៅក្នុងខេត្តតាកែវផងដែរ។

លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា «ការចិញ្ចឹមបង្កងផ្ដល់ផលចំណេញច្រើន មានតម្រូវការទីផ្សារ និងមានតម្លៃរហូតដល់ចន្លោះ ២០-៣៥ដុល្លារ ក្នុងមួយគីឡូក្រាម។ ចំពោះបង្កងលេខ១ តម្លៃ៣៥ដុល្លារក្នុងមួយគីឡូក្រាម, បង្កងលេខ ២មានតម្លៃ២០-២៥ដុល្លារក្នុងមួយគីឡូក្រាម។ ប្រសិនបើប្រៀបធៀបបង្កងចិញ្ចឹម ដោយប្រជាកសិករក្នុងស្រុក និងបង្កងរបស់ប្រទេសជិតខាងចិញ្ចឹម បង្កងចិញ្ចឹមដោយប្រជាកសិករក្នុងស្រុក មានភាពពិសេសជាងខ្លាំងលើរសជាតិ រសជាតិឆ្ងាញ់ ដោយសារតែការចិញ្ចឹមផ្ដោតលើការចិញ្ចឹមដោយធម្មជាតិសុទ្ធសាធ ដោយប្រើប្រាស់ចំណីជាប្រភេទខ្យងខ្ចៅប៉ុណ្ណោះ ចំណែកឯចំណីគ្រាប់ ជាចំណីប្រើប្រាស់បន្ទាប់បន្សំប៉ុណ្ណោះ»

លោកបានបន្ដថា ប្រជាពលរដ្ឋសម្រុកចិញ្ចឹមបង្កងច្រើន ព្រោះមានការខិតខំប្រឹងប្រែង ពីនាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល ក៏ដូចជាខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ដែលមន្រ្ដីជំនាញតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋប្រកបរចិញ្ចឹមបង្កងនេះ ដោយទំនុកបម្រុងខ្លាំង លើចំណេះដឹងបច្ចេកទេស ចុះអនុវត្តន៍ដោយផ្ទាល់ជាមួយប្រជាកសិករ ធ្វើឲ្យអ្នកចិញ្ចឹមមានទំនុកចិត្តច្រើន ក្នុងការចិញ្ចឹម មានភាពងាយស្រួល ដោយគ្រាន់អនុវត្តន៍តាមការណែនាំរបស់ស្ថាប័នជំនាញ។

លោកបន្ថែមថា បច្ចុប្បន្ននេះការចិញ្ចឹមបង្កងទទួលបានផលល្អប្រសើរ ដូច្នេះប្រជាពលរដ្ឋចាប់ផ្ដើមពង្រីក កសិកដ្ឋានចិញ្ចឹមខ្លាំងទ្វេឡើង ដោយបច្ចុប្បន្ននេះមានការពង្រីកការចិញ្ចឹមរហូតដល់ ៥ហិចតា ខណៈដំបូងៗចិញ្ចឹមលើផ្ទៃដីប្រមាណ ១ហិចតាប៉ុណ្ណោះ។ បច្ចុប្បន្ននេះមានក្រុមគ្រួសារចិញ្ចឹមប្រមាណជាង ២០គ្រួសារប៉ុណ្ណោះ ដែលចាប់របរចិញ្ចឹមបង្កង ជាហេតុធ្វើឲ្យទីផ្សារនៅរក្សាស្ថានភាពល្អប្រសើរ ប៉ុន្ដែប្រសិនជាការចិញ្ចឹមបង្កងមានទីផ្សារកាន់តែល្អ ហើយមានប្រជាពលរដ្ឋសម្រុកចិញ្ចឹមច្រើន នោះក្នុងនាមជាក្រសួងក៏ដូចជាភាគីពាក់ព័ន្ធ នឹងមានផែនការគ្រប់គ្រងផលិតកម្ម ធ្វើយ៉ាងណាឲ្យមានការចិញ្ចឹមវិលជុំ ការចិញ្ចឹមជាបណ្ដុំ ដើម្បីកុំឲ្យពលរដ្ឋសម្រុកចិញ្ចឹមច្រើន ដែលនាំឲ្យច្រាលទីផ្សារ និងធ្លាក់តម្លៃ។

លោកបានបញ្ជាក់បន្ថែមថា «នៅពេលខាងមុខប្រសិន ជាមានពលរដ្ឋចិញ្ចឹមច្រើន នោះខាងជំនាញនឹងចុះណែនាំប្រជាពលរដ្ឋ ដើម្បីជៀសវាងការផលិតច្រើនហួសហេតុ ធ្វើឲ្យជន់ និងធ្វើឲ្យបង្កងធ្លាក់ថ្លៃ ក្នុងនាមក្រសួងពាក់ព័ន្ធយើងត្រៀម និងមានគំនិតយុទ្ធសាស្រ្ដ ដើម្បីធ្វើយ៉ាងណារក្សាការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ កុំឲ្យពួកគាត់ខាតបង់»