(ភ្នំពេញ)៖ ​ករណីកើតមានទំនាស់ ជម្លោះ ការប្ដឹងផ្ដល់ តែងតែកើតឡើងពីប្រភពបញ្ហាជាច្រើន ប៉ុន្តែទោះយ៉ាងណារឿងទំនាស់ ឬការប្ដឹងផ្ដល់មានមួយផ្នែក ​បានកើតមកពីបញ្ហាបំណុល កម្ចី ដែលអ្នកខ្ចីមិនមានលទ្ធភាពសងត្រឡប់ទៅវិញ ឬមិនបានសងទាន់ពេល ហើយអ្នកឱ្យគេខ្ចីខ្វះខន្តី និងបញ្ញា ដែលនាំឱ្យកើតមានជម្លោះរហូតដល់ការប្តឹងផ្តល់ ជាប់ទោសទណ្ឌ។

ដើម្បីដោះស្រាយបញ្ហាវិវាទនេះ ទាំងម្ចាស់បំណុល ទាំងអ្នកជំពាក់បំណុល គួរគិតពីចំណុច ៥យ៉ាងសំខាន់ៗមុននឹងសម្រេចចិត្ត ធ្វើការប្ដឹងផ្ដល់គ្នា។

ជាមួយគ្នានេះ លោក អៀង សុធារ៉ា ដែលជាអាជីវករ​តាមបែបពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅ​កម្ពុជា បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីដោះស្រាយបញ្ហាជម្លោះដោយសារបំណុល ឬកម្ចី។

ចំណុចទាំងនោះ រួមមាន៖

១. ខន្តី៖ ចំពោះអ្នកមានលុយត្រូវតែមានខន្តីក្នុងការឱ្យខ្ចី ពោលគឺត្រូវតែគិតឱ្យបានច្បាស់លាស់​ មុននឹងសម្រេចចិត្តឱ្យគេខ្ចី ហើយត្រូវធ្វើឡើងប្រកបដោយបញ្ញា។ ហើយអ្នកជំពាក់គេក៏ត្រូវតែមានខន្តីផងដែរ​ ដើម្បីកុំឱ្យមានបញ្ហា ឈានទៅបង្កើតជាជម្លោះ។

២. ការពារកុំឱ្យបាត់មិត្តភាព៖ មុននឹងសម្រេចឱ្យមិត្តភក្តិខ្ចី ឬទៅខ្ចីលុយពីមិត្តភក្តិ យើងគួរគិតថា តើការឱ្យខ្ចីនេះអាចបាត់មិត្តភាពដែរ ឬទេ។ ពេលខ្លះបើមិនចង់បាត់មិត្តភក្តិទេ គិតថាឱ្យដាច់តែទៅ ទោះតិច ឬច្រើនក៏ដោយ​ ឬម្យ៉ាងទៀត ប្រសិនឱ្យខ្ចីហើយ នៅពេលដែលគេគ្មានលទ្ធភាពសង ត្រូវរកដំណោះស្រាយសមស្របណាមួយ ដើម្បីកុំឱ្យកើតជាជម្លោះនាំឱ្យបាត់មិត្តភាព។

៣. ជៀសវាងការប្ដឹងផ្ដល់៖​ បើសិនអាច កុំឱ្យបញ្ហាខ្ចីបំណុលទៅជារឿងក្តីក្តាំ ដែលឱ្យមានទោសទណ្ឌ។

៤. រាល់បញ្ហាទាំងអស់ ត្រូវដោះស្រាយដោយបញ្ញា៖ ជួនកាលបើគេខ្ចីហើយមិនសង យើងអាចដោះស្រាយដោយបញ្ញាបាន តាមរយៈការរំងាប់ចិត្ត ​លោភៈ មហៈ ទោសៈ ចិត្តខឹងក្រោធ សំងំ។ ហើយបើយើងដោះស្រាយមិនបាន ត្រូវរកអ្នកដែលមានបញ្ញាមកដោះស្រាយឱ្យយើង។

៥. កុំប្រមាទ កុំធ្វេសប្រហែស៖ ពេលសម្រេចចិត្តឱ្យគេខ្ចី កុំគិតថាមិនអី ព្រោះក្រោយវាអាចនឹងឈានដល់ការកើតមានទំនាស់ផ្សេងៗ។

ដើម្បីកាន់តែលម្អិត នូវដោះស្រាយបញ្ហាជម្លោះដោយបំណុលនេះ សូមស្តាប់ការពន្យល់បន្ថែមរបស់លោក អៀង សុធារ៉ាដូចតទៅ៖