(មែនឌីវៀល)៖ លោក Ajay Banga ប្រធានធនាគារពិភពលោក (WB) ចង់ផ្តោតលើការកែលម្អធនាគារនេះ ដើម្បីឱ្យរូបលោកអាចទទួលបានសំឡេងគាំទ្រ ក្នុងការស្នើសុំប្រទេសសមាជិកឱ្យបង្កើនដើមទុនបន្ថែម ខណៈប្រធានថ្មីរូបនេះសម្លឹងមើលការពង្រីកតួនាទីរបស់ធនាគារ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងវិបត្តិផ្សេងៗទៀត។
លោក Banga បានថ្លែងនៅក្នុងបទសម្ភាសមួយថា លោកនឹងស្នើសុំបង្កើនដើមទុនទេដោយរង់ចាំរហូតដល់រូបលោកអាចបង្កើតឱ្យមានវឌ្ឍនភាពសម្រាប់ធនាគារសិន ដោយផ្តោតជាថ្មីលើការផ្តល់ប្រាក់កម្ចីលើគម្រោងដែលទទួលបានលទ្ធផលកាន់តែខ្លាំង ធ្វើឱ្យធនាគារកាន់តែមានភាពរស់រវើក និងជំរុញការផ្តល់ប្រាក់កម្ចីជាមួយនឹងតារាងតុល្យការដែលមានស្រាប់។
លោក Banga បានប្រាប់រ៉យទ័រក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ទៅកាន់ប្រទេសហ្សាម៉ាអ៊ីក និងប៉េរូថា៖ «ខ្ញុំមិនចង់ធ្វើការងារបញ្រ្ចាស់ទិសទេ»។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា [ការសម្រេចបាន] ធនាគារកាន់តែប្រសើរគឺជារឿងសំខាន់»។ លោកបានបន្ថែមថា៖ «ហើយខ្ញុំអាចងាកមកស្នើសុំបង្កើនដើទុនធនាគារឱ្យកាន់តែធំជាងនេះ»។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានច្រានចោលការបង្កើនដើមទុនសម្រាប់ធនាគារពិភពលោកក្នុងអំឡុងពេលសវនាការសភាក្នុងខែមីនា ប៉ុន្តែលោកស្រីបានលើកឡើងបែបនេះជាមួយនឹងពាក្យថា «នៅពេលនេះ»។ ដោយឡែក លោក Svenja Schulze រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់បានប្រាប់កាសែត Financial Times ថា ប្រសិនបើការកែទម្រង់របស់ធនាគារពិភពលោកមានភាពច្បាស់លាស់និងជាក់ស្តែងនោះ «អាល្លឺម៉ង់មានឆន្ទៈក្នុងការចាប់ផ្តើមការពិភាក្សាអំពីការផ្តល់មូលនិធិបន្ថែមទៀត»។
អ្នកជំនាញអភិវឌ្ឍន៍អន្តរជាតិឱ្យដឹងថា តម្រូវការហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរទៅរកថាមពលស្អាតប្រចាំឆ្នាំដែលមានទឹកប្រាក់រាប់ពាន់ពាន់លានដុល្លា នឹងត្រូវការដើមទុនបន្ថែមសម្រាប់ធនាគារពិភពលោក និងត្រូវការមូលនិធិយ៉ាងច្រើនពីវិស័យឯកជន។
លោក Banga បាននិយាយថា ភារកិច្ចដំបូងរបស់គាត់ក្នុងការកែលម្អស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកដែលមានអាយុ ៧៨ឆ្នាំនេះ គឺនិយាយជាមួយម្ចាស់ភាគហ៊ុនអំពីការផ្លាស់ប្តូរសេចក្តីថ្លែងការណ៍អំពីបេសកកម្មរបស់ធនាគារនេះ ដើម្បីងាកមកផ្តោតលើការលុបបំបាត់ភាពក្រីក្រ «នៅលើភពផែនដីដែលអាចរស់នៅបាន» នេះ ដោយពង្រីកតួនាទីរបស់ធនាគារ។ សេចក្តីថ្លែងការណ៍អំពីបេសកកម្មបច្ចុប្បន្នរបស់ធនាគារពិភពលោកផ្តោតលើការបញ្ចប់ភាពក្រីក្រខ្លាំងក្នុងរយៈពេលមួយជំនាន់មនុស្ស និងការលើកកម្ពស់វិបុលភាពរួមគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕