(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ ​ស្វាយចន្ទីមួយប្រភេទដែលដាំដុះស្ទើរតែ៨០% នៅកម្ពុជា ត្រូវបានចាត់ទុកជាគ្រាប់ដែលល្អ​លេខ១នៅលើពិភពលោក ដោយសារមានគុណភាពខ្ពស់ សម្បុរល្អ និងមានសារធាតុចិញ្ចឹមខ្ពស់ ដែលធ្វើឱ្យ​ទីផ្សារជាតិ និងអន្តរជាតិកំពុងចាប់អារម្មណ៍។

​នេះគឺជាឱកាសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ធ្វើការវិនិយោគ​លើ​ការកែច្នៃ ​ដើម្បីនាំចេញ​។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញ។ ក្រៅពីទទួលបានទិន្នផលច្រើនជាងគេនៅលើពិភពលោករហូតជិត២លានតោនក្នុងមួយឆ្នាំៗ ​គ្រាប់ស្វាយចន្ទីរបស់កម្ពុជាថែមទាំងត្រូវបានគេទទួលស្គាល់ថាជាគ្រាប់ដែលមានគុ​ណភាពល្អលេខមួយនៅលើពិភពលោក ដែលជាទីចាប់អារម្មណ៍របស់ទីផ្សារ។ ​​បន្ថែមពីនេះ ​តាមរយៈកិច្ចព្រមព្រៀងជាមួយអេមីរ៉ាតអារ៉ាប់រួម ផលិតផលស្វាយចន្ទីបានស្ថិតនៅក្នុងមុខទំនិញក្រោមបន្ទាត់ពន្ធ ដែលនាំចូលដោយមិនជាប់ពន្ធផងដែរ​ ហើយរដ្ឋាភិបាលនឹងបន្តរកទីផ្សារថ្មីបន្ថែមទៀត។

ប៉ុន្តែ​អ្វីដែលជាបញ្ហាប្រឈម កម្ពុជាហាក់មិនទាន់មានលទ្ធភាពកែច្នៃនៅក្នុងស្រុកច្រើននៅឡើយទេ ដែលមកទល់បច្ចុប្បន្ននេះការនាំចេញគ្រាប់កែច្នៃមានប្រមាណតែ៥%ប៉ុណ្ណោះ ខណៈការនាំចេញគ្រាប់មិនទាន់កែច្នៃមានរហូតដល់ជាង៩០%​ទៅកាន់ប្រទេសជិតខាងដូចជាវៀតណាម ថៃ និងឥណ្ឌា។ ហេតុនេះកម្ពុជាត្រូវការតែការកែច្នៃ ដើម្បីឱ្យមានការប្រកួតប្រជែង មានការវេចខ្ចប់ឱ្យបានល្អ ​ក្នុងការនាំចេញនាពេលខាងមុខ។

លោកលើកឡើងថា តាមរយៈការដាក់ចេញនូវ​ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ​នឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ​និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ ​ព្រមទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព។ កត្តានេះ នឹងជំរុញឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលខាងមុខ។ ​

លោកមានប្រសាសន៍ថា «ខ្ញុំយល់ថា ជាកិច្ចការមួយដែលអាចធ្វើបាននៅថ្ងៃក្រោយពីព្រោះបច្ចុប្បន្ននេះ យើងមានពូជស្វាយចន្ទីមួយដ៏ល្អដែលហៅថា ពូជ M23 ហើយជួនកាលប្រទេសដ៏ទៃទៀតអាចនឹងមិនមានទេ។ ហើយអតិថិជន​ដឹងថាM23 មានរសជាតិឆ្ងាញ់ មានទំហំធំ។កិច្ចការបន្ទាប់យើងត្រូវការវិនិយោគបន្ថែម និងត្រូវការរៀបចំជាប្រព័ន្ធ ដោយ​មានដៃគូអភិវឌ្ឍន៍នៅជាមួយយើងដើម្បីធ្វើកិច្ចការងារនេះ»។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះ បើទោះបីជាកម្ពុជាមិនទាន់ជាប់ឈ្មោះជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទី(ប្រភេទកែច្នៃ)ក៏ពិតមែន ​ប៉ុន្តែបច្ចុប្បន្ននេះ ទិន្នផលនិងគុណភាព កម្ពុជាស្ទើតែជាប់ជាអធិរាជទៅ​ហើយ។

លោកបន្តថា ប្រសិនស្ថានប័នពាក់ព័ន្ធ រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាដើម អនុវត្ត​«គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»នេះ ឱ្យមានប្រសិទ្ធភាព និងចំគោលនោះនឹងជំរុញឱ្យកម្ពុជា ឈានទៅសម្រេចបានជាប្រទេសអធិរាជនាំចេញស្វាយចន្ទីនាពេលខាងមុខ ។

លោកបន្តថា «ក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងកសិកម្ម ឬវិស័យឯកជនជួយពង្រឹងទៅលើការដាំដុះស្វាយចន្ទីដែលមានទូទាំងប្រទេស ​ពង្រឹងបណ្តុះបណ្តាលបច្ចេកទេសធ្វើយ៉ាងឱ្យគុណភាពស្វាយចន្ទីដាំដុះឱ្យមានគុណភាពល្អ និងមានទិន្នផលច្រើន។ ក្រសួងឧស្សាហកម្ម និងក្រសួងពាណិជ្ជកម្ម ជំរុញការកែច្នៃ និងនាំចេញឱ្យបានច្រើន ដោយសារបច្ចុប្បន្ន ការកែច្នៃនៅកម្ពុជានៅមានតិចនៅឡើយ។ យើងដូចជាមិនខ្វះទីផ្សារទេ ក៏ប៉ុន្តែអ្នកកែច្នៃមិនមានថវិកាគ្រប់គ្រាន់ទិញស្វាយចន្ទី ហើយកែច្នៃឱ្យបានតម្លៃប្រកួតប្រជែងដើម្បីនាំចេញទៅក្រៅប្រទេស ដូច្នេះប្រសិនបើស្ថានប័នមួយចំនួនជាពិសេសស្ថាប័នរដ្ឋ​អាចជួយឧបត្ថម្ភធន់ និងស្ថាប័នធនាគារជួយផ្តល់នូវអត្រាការប្រាក់ទាប ព្រមទាំងទទួលបានការជំរុញពីដៃគូអភិវឌ្ឍមួយផ្នែក នឹងជំរុញឱ្យកម្ពុជា​អាចធ្វើការប្រកួតប្រជែង និងនាំចេញបានច្រើនជាងគេ»។

លោកបន្ថែមថា «ស្វាយចន្ទីរបស់ខ្មែរ គុណភាពល្អ​លេខមួយនៅលើពិភពលោក ។ អ៊ីចឹងពិភពលោកឥលូវចាប់ផ្តើមស្គាល់ស្វាយចន្ទីរបស់ខ្មែរហើយ ដោយសារក្រសួងស្ថាប័នដែលពាក់ព័ន្ធ សហព័ន្ធស្វាយចន្ទី សមាគមស្វាយចន្ទីកម្ពុជា ​បានចូលរួមផ្សព្វផ្សាយ ។ហេតុនេះបានធ្វើឱ្យគេចាប់ផ្តើមទិញស្វាយចន្ទីរបស់ខ្មែរយកទៅ ហើយនៅពេលដែលមានទីផ្សារគាំទ្រ អ្វីដែលយើងរំពឹងទុក​ ការដាំដុះនិងកែច្នៃនឹងមានកាន់តែច្រើនទៅ។ ហើយអ្វីដែលសំខាន់ស្រុកខ្មែរយើងមានសក្តានុពលដោយសារយើងនៅមានដីច្រើន ហើយសុទ្ធតែជាដីល្អដែលអំណោយផល ដល់ស្វាយចន្ទីហើយកសិកម្មភាគច្រើនមិនសូវជាប្រើប្រាស់ជីថ្នាំកសិកម្មអីច្រើនទេ»​។

ជាមួយគ្នានេះ កសិករមួយចំនួនថែមទាំងទទួលបាននូវសញ្ញាបត្របញ្ជាក់ពីការធ្វើកសិកម្មសរីរាង្គ ខណៈកសិករខ្លះដាំដុះនៅតំបន់ការពារធម្មជាតិ ដែលជាការចូលរួមចំណែកការពារព្រៃឈើ។ កត្តានេះនឹងធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែទទួលបានតម្លៃបន្ថែមកាន់តែច្រើន និងមានការចាប់អារម្មណ៍ពីទីផ្សារនៅលើពិភពលោក ជាពិសេសនៅអឺរ៉ុប អាមេរិក អូស្រ្តាលី និង Middle East។

បើតាម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលគេទទួលស្គាល់ថា មានគុណភាពលេខ១ ​​ជាពូជមានឈ្មោះល្បីនៅលើពិភពលោក និងមានតម្លៃខ្ពស់ នោះ គឺពូជ M23។

លោក អាន តារា បានឱ្យដឹងថា បច្ចុប្បន្ននេះ ពូជ M23 ត្រូវបានកសិករខ្មែរដាំដុះស្ទើតែ៨០%​នៅទូទាំងប្រទេស។ ពូជនេះមិនត្រឹមតែគ្រាប់ធំនោះទេ តែថែមទាំងមានពណ៌ស្អាត ​មានសារធាតុចិញ្ចឹមច្រើន និងគ្មានសារធាតុកូឡេស្តេរ៉ល។

ក្រៅពីពូជ ​M23 បច្ចុប្បន្ននេះ មានពូជបីទៀតត្រូវបានចុះបញ្ជីនៅក្រសួងកសិកម្ម រួមមាន M10, H09 និងIM4​​។

ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាប់ឈ្មោះជាអធិរាជនាំចេញស្វាយចន្ទីនាពេលខាងមុខ ធនាគារ​ ARDB ដែលជាធនាគាររបស់រដ្ឋ បានផ្តល់នូវឥណទានក្នុង​អត្រា​ការប្រាក់​សមរម្យ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យស្វាយចន្ទី ដើម្បីវិនិយោគលើទិញ​ម៉ាស៊ីន​បកស្វាយចន្ទី, សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល និងពង្រីក​ការដាំដុះស្វាយចន្ទី​ ទិញថ្នាំ​ ជី និងថែទាំជាដើម។​

បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បាន​លើកទឹកចិត្តដល់ប្រជាកសិករ និងក្រុមហ៊ុន អាចគិតគូរស្នើសុំឥណទានពីធនាគារ​ ARDB ដោយគ្រាន់តែយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុល​ ហើយធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃ​គ្រាប់​ស្វាយចន្ទី​ដែលមាននៅក្នុងឃ្លាំងស្តុក​៕