(វ៉ាស៊ីនតោន)៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តកំពុងសហការគ្នា ដើម្បីកំណត់ទីតាំងទ្រព្យសម្បត្តិរដ្ឋ របស់ប្រទេសរុស្ស៊ី ហើយកំពុងពិចារណាជម្រើសនានា រួមទាំងការរឹបអូសផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Yellen បានប្រាប់សវនាការគណៈកម្មាធិការសេវាហិរញ្ញវត្ថុ របស់សភាកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនកំពុងធ្វើការងារ ដើម្បី «កំណត់ទីតាំងឱ្យបានច្បាស់លាស់ នូវកន្លែងដែលទ្រព្យសម្បត្តិទាំងនេះស្ថិតនៅ»។
លោកស្រីបានបន្ថែមថា «ហើយយើងកំពុងពិនិត្យមើលជម្រើសមួយចំនួន រួមទាំងជម្រើសខ្លះ ដែលយើងអាចចាត់វិធានការស្ថិតក្រោមអាជ្ញាធរ ដែលមានស្រាប់»។
លោកស្រីបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរួមគ្នាបង្កកប្រាក់បម្រុងរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ គិតចាប់តាំងពីការចាប់ផ្តើមសង្រ្គាម នៅប្រទេសអ៊ុយក្រែនមក។ លោកស្រីបានបន្ថែមថា ទ្រព្យសម្បត្តិទាំងនេះ នឹងនៅតែបង្កករហូតទាល់តែមានការដោះស្រាយជម្លោះដែលទីក្រុងមូស្គូ «បង់ថ្លៃការខូចខាត ដែលប្រទេសនេះបង្កឡើង»។
លោកស្រី Yellen បានមានប្រសាសន៍ថា៖ «វាសំខាន់ណាស់ដែលយើងត្រូវចាត់វិធានការជំហានបន្ទាប់ណាមួយ តាមរយៈការពិគ្រោះយោបល់ដោយប្រុងប្រយ័ត្នជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងវិធីសាស្រ្តសម្របសម្រួលមួយ»។
លោកស្រីបន្តថា៖ «យើងកំពុងចូលរួមក្នុងការពិភាក្សាទាំងនោះ»៕