(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) រវាងកម្ពុជា និងថៃ ដំណាក់កាលទី២ ដែលអាចឲ្យថៃស្កេនឃ្យូអរកូត នៅកម្ពុជាបាន។

ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមការចូលរួមពីលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកបណ្ឌិត Sethaput Suthiwart-Narueput ទេសាភិបាលធនាគារកណ្តាលថៃ ក្នុងកិច្ចប្រជុំទ្វេភាគីនេះរវាងធនាគារនៃកម្ពុជា និងធនាគារកណ្ដាលថៃ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំទ្វេភាគីនេះ ប្រារព្ធឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញការរីកចម្រើន នៃម៉ាក្រូសេដ្ឋកិច្ចវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរថែមទៀត។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា «ការដាក់ឱ្យដំណើរការគម្រោងការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូត (QR Code) រវាងកម្ពុជា និងថៃដំណាក់កាលទី២ មានអត្ថប្រយោជន៍ណាស់ សម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង»

សូមជម្រាបថា គម្រោងនេះមានពីរដំណាក់កាល ដោយដំណាក់កាលទី១ ប្រជាជនកម្ពុជាអាចស្កេនឃ្យូអរកូត នៅប្រទេសថៃ ដែលដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងកិច្ចប្រជុំទ្វេភាគីរវាង ធនាគារគណ្តាលនៃ ប្រទេសទាំងពីរកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០, នៅប្រទេសថៃ។

ចំណែកដំណាក់កាលទី២នេះ គឺប្រជាជនថៃ អាចស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា គម្រោងនេះចាប់ដាក់ឱ្យប្រើប្រាស់ចាប់ពីទី៦ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ ដោយប្រជាពលរដ្ឋថៃអាចប្រើប្រាស់ កម្មវិធីធនាគារចល័ត របស់ប្រទេសថៃ ដើម្បីស្កេនឃ្យូអរកូត ទៅកាន់ពាណិជ្ជករប្រមាណ ១.៥ លានពាណិជ្ជករ ក្នុងប្រទេសកម្ពុជា៕