(ភ្នំពេញ)៖ ​ការរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាមួយចំនួនទៀត ដូចជាសង្រ្គាមសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន ​ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ បានធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា រងផលប៉ះពាល់ជាបន្តបន្ទាប់ ចាប់តាំងពីចុងឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។ ហេតុនេះហើយទើបធ្វើឱ្យតម្លៃអនចលទ្រព្យនៅតំបន់ខ្លះ មានកំណើនតិចតួច និងតំបន់ខ្លះនៅទ្រឹង ហើយអចលទ្រព្យផ្សេងទៀត ត្រូវបង្ខំចិត្តដាក់លក់ក្រោមតម្លៃទីផ្សារទៀត។

អ្នកជំនាញអចលទ្រព្យបានលើកឡើងថា ​ស្របពេលដែលតម្លៃអចលនទ្រព្យនៅតំបន់មួយចំនួន បានដាក់លក់នៅក្រោមតម្លៃទីផ្សារ ​គឺឱកាសល្អសម្រាប់អ្នកមានធនធានច្រើន ធ្វើការវិនិយោគរយៈវែង ដើម្បីទទួលបានផលចំណេញនាពេលប៉ុន្មានឆ្នាំខាងមុខទៀត ពេលវិស័យអចលទ្រព្យវិលទៅរកស្ថានភាពល្អប្រសើរវិញ។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News ​លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ខណៈពេលដែលវិស័យអចលទ្រព្យកំពុងជួបបញ្ហាប្រឈម ដោយសារវិបត្តិសេដ្ឋកិច្ច ​គឺជាឱកាសល្អសម្រាប់អ្នកមានធនធានច្រើន ទិញទុកសម្រាប់វិនិយោគរយៈពេលវែង ដោយសារបច្ចុប្បន្ននេះ មានអចលនទ្រព្យមួយចំនួនបានដាក់លក់​ក្រោមតម្លៃទីផ្សារ ប្រមាណពី៣០%ទៅ៤០%។

លោកបន្តថា «ខ្ញុំសម្លឹងមើលទៅបច្ចុប្បន្ននេះ សម្រាប់អ្នកមានលុយច្រើន គឺល្អមែនទែន សម្រាប់ការវិនិយោគធំៗ ដូចជាអគារដែលអាចប្រើប្រាស់បាន អគារការិយាល័យ សណ្ឋាគារ អាផាតមិន ឬហាងដែលអាចជួលរកចំណូលមកវិញបាន»

លោកលើកឡើងថា ផលិតផលអចលនទ្រព្យ គឺជាការវិនិយោគដែលមានសុវត្ថិភាពជាងគេ នៅក្នុងវិស័យវិនិយោគ ព្រមទាំងទទួលបានប្រាក់ចំណេញ ​ជាងការយកលុយទៅផ្ញើនៅធនាគារ។

លោកបានពន្យល់យ៉ាងដូច្នេះថា «ខ្ញុំជឿថានឹងមានអ្នកដែលកំពុងសម្លឹងមើល នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសអគារដែលជាប់គាំងលក់នៅក្រោមតម្លៃទីផ្សារចាប់ពី៣០ ទៅ៤០%។ បើយើងគិតមើលទៅ បើពួកគាត់យកលុយទៅដាក់នៅធនាគារ ឧទាហរណ៍ដូចនៅប្រទេសជប៉ុន ត្រូវបង់សេវាថ្លៃរក្សាលុយទៀត ហើយនៅប្រទេសរីកចម្រើនផ្សេងទៀត អាចទទួលបានអត្រាការប្រាក់បញ្ញើ ១% ឬ២% ហើយនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន ជាមធ្យមទទួលបានប្រមាណ៥% ទៅ៦%។ ប៉ុន្តែបើយើងវិនិយោគនៅក្នុងអចលនទ្រព្យ​ បើយើងទិញអចលនទ្រព្យដែលទាបជាងទីផ្សារពី ៣០% ទៅ៤០% ហើយក្នុងមួយឆ្នាំហើយក្រិតយកត្រឹម​១០%។ អ៊ីចឹងមានន័យថា យើងទិញឥលូវចំណេញបានបីឆ្នាំបាត់។ ហើយបីឆ្នាំទៀត ទីផ្សារមិនមែនប៉ុណ្ណឹងទេ»

លោកលើកឡើងថា រយៈពេលបីឆ្នាំខាងមុខទៀត វិស័យអចលទ្រព្យនៅកម្ពុជា និងវិលមកភាពល្អប្រសើរវិញ ព្រោះ​ចាប់តាំងពីឆ្នាំ២០២២មក បន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩ បានស្រាកស្រាន្ត សេដ្ឋកិច្ចកម្ពុជា​ បានមានកំណើនជាបន្តបន្ទាប់ ពោលបើតាមការព្យាករណ៍ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចមានកំណើន៥.៦%, ២០២៤ មានកំណើន៦% និងនៅឆ្នាំ២០២៥ អាចនឹងវិលមកកំណើន ៧%វិញ ហេតុនេះហើយវិស័យអចលនទ្រព្យ នឹងបន្តកើនឡើងតាមកំណើនសេដ្ឋកិច្ចយ៉ាងដូច្នេះដែរ។​

បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យមរង្វង់ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែសម្រាប់ខណ្ឌចំនួន៥ ដែលមានការអភិវឌ្ឍរួចហើយ ដូចជា ខណ្ឌ៧មករា ដូនពេញ ទួលគោក ចំការមន និងខណ្ឌបឹងកេងកង មានតម្លៃជាមធ្យម​រង្វង់ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ​៕