(ប៉េកាំង)៖ ប្រទេសចិនកំពុងធ្វើការងារលើកញ្ចប់វិធានការថ្មីមួយ ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ បន្ទាប់ពីគោលនយោបាយដែលមានស្រាប់មិនអាចទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៅក្នុងវិស័យនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ប្រភពដែលបានដឹងព័ត៌មាននេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា និយតករនានារបស់ប្រទេសចិនកំពុងពិចារណាកាត់បន្ថយទឹកប្រាក់បង់ដំបូង (down payment) នៅតាមសង្កាត់មួយចំនួននៃទីក្រុងធំៗ កាត់បន្ថយកម្រៃជើងសារភ្នាក់ងារលើប្រតិបត្តិការនានា និងបន្ធូរបន្ថយការរឹតបន្តឹងបន្ថែមទៀតសម្រាប់ការទិញលំនៅឋានស្ថិតក្រោមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីចិន។

ប្រភពដដែលបាននិយាយថា រដ្ឋាភិបាលចិនក៏អាចកែលម្អ និងពង្រីកផងដែរនូវគោលនយោបាយមួយចំនួនដែលបានដាក់ចេញនៅក្នុងកញ្ចប់សង្គ្រោះ ១៦ ចំណុច ដែលខ្លួនបានដាក់ចេញកាលពីឆ្នាំមុន។ ប្រភពដដែលបានបន្ថែមថា ផែនការទាំងនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយអាចនឹងមានការផ្លាស់ប្ដូរ។

ក្រសួងលំនៅឋានរបស់ប្រទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ទេ។

ព័ត៌មានអំពីវិធានការណ៍សក្តានុពលតាំងនេះបានជួយជំរុញក្តីសង្ឃឹមថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវគោលនយោបាយជំរុញការស្តារឡើងវិញនូវសេដ្ឋកិច្ចដែលកំពុងថមថយ ដោយប្រាក់យន់បានឡើងថ្លៃ ហើយតម្លៃទំនិញនានារួមទាំងទង់ដែង និងរ៉ែដែកបន្តកើនឡើង។ ភាគហ៊ុនរបស់ក្រុមហ៊ុនចិនដែលបានចុះបញ្ជីនៅផ្សាររបស់សហរដ្ឋអាមេរិកបានឡើងថ្លៃ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនអ៊ឺរ៉ុបដែលមានទំនាក់ទំនងរឹងមាំជាមួយប្រទេសចិនដូចជាក្រុមហ៊ុនផលិតទំនិញប្រណីត និងវិស័យរុករករ៉ែដូចឡើងថ្លៃផងដែរ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានជៀសផុតពីការដួលរលំ ប៉ុន្តែនៅតែជាចំណុចទាញទម្លាក់ដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។ សញ្ញាថ្មីៗដែលបង្ហាញពីការធ្លាក់ចុះកំពុងលេចឡើងនៅក្នុងទីផ្សារលំនៅឋាន ដោយការស្ទុះងើបឡើងវិញនៃការលក់ផ្ទះបានថមថយនៅក្នុងខែឧសភាមកត្រឹមតែ ៦,៧% ធៀបនឹងជាង ២៩% ក្នុងរយៈពេលពីរខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕