(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅយប់ថ្ងៃព្រហស្បតិ៍បានអនុម័តច្បាប់ព្យួរពិដានបំណុលដែលគាំទ្រដោយលោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ដោយច្បាប់នេះនឹងជួយបង្កើនពិដានបំណុល៣១,៤ពាន់ពាន់លានដុល្លាររបស់រដ្ឋាភិបាល និងជួយបញ្ចៀសនូវការបរាជ័យសងបំណុលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៦៣ ទល់នឹង ៣៦ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃពុធ ខណៈដែលសមាជិកសភាបានធ្វើការងារប្រណាំងនឹងពេលវេលាដើម្បីសម្រេចឱ្យបានការងារនេះ បន្ទាប់ពីមានការមិនចុះសម្រុងគ្នាអស់រយៈពេលជាច្រើនខែរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។

កន្លងមក ក្រសួងរតនាគារអាមេរិកបានព្រមានថា ខ្លួននឹងមិនអាចបង់ថ្លៃចំណាយរបស់ខ្លួនទាំងអស់បានទេនៅថ្ងៃទី៥ ខែមិថុនា ប្រសិនបើសភាបរាជ័យក្នុងការធ្វើអនុម័តច្បាប់នៅត្រឹមកាលបរិច្ឆេទនេះ។

លោក Chuck Schumer មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «យើងកំពុងជៀសវាងការបរាជ័យសងបំណុលនៅយប់នេះ» នៅពេលរូបលោកបានដឹកនាំអនុម័តច្បាប់នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ១០០នាក់របស់លោក។

លោក Biden បានសរសើរដល់ការចាត់វិធានការទាន់ពេលវេលារបស់សភា។ លោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចព្រមព្រៀងទ្វេភាគីនេះគឺជាការឈ្នះដ៏ធំមួយសម្រាប់សេដ្ឋកិច្ចរបស់យើង និងប្រជាជនអាមេរិក»។ លោកបានបន្ថែមថា លោកនឹងចុះហត្ថលេខាលើច្បាប់នេះដើម្បីដាក់ឱ្យប្រើប្រាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕