(អូស្ត្រាលី)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងភើត ប្រទេសអូស្រ្តាលី បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី២៤។

សន្និសីទនេះ ដោយមានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ២៣ ប្រទេស, ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យមន្រ្តីទំនាក់ទំនង ព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (RILO/AP)។

លោក Michael Outram អគ្គនាយកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (Australia Border Force - ABF) និងជាអនុប្រធានអង្គការគយពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសម្តែងមតិស្វាគមន៍ ចំពោះវត្តមានរបស់អគ្គលេខាធិការ នៃអង្គការគយពិភពលោក (WCO) អគ្គនាយកគយ និងគណៈប្រតិភូគយ ដែលបានមកចូលរួមក្នុងសន្និសីទនេះ ។

លោកប្រធានអង្គប្រជុំបានធ្វើការកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយ នៃប្រទេសជាសមាជិកក្នុងតំបន់ទាំងអស់ ដែលបានរួមគ្នាអនុវត្តបានទទួលជោគជ័យ នូវផែនការយុទ្ធសាស្ត្រតំបន់ (RSP) ទោះជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ទន្ទឹមនឹងនោះ លោក Michael Outram ក៏បានថ្លែងអំណរគុណដល់អង្គការគយពិភពលោក ដែលតែងតែគាំទ្រដល់រដ្ឋបាលគយ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

លោក Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក បានថ្លែងអំណរគុណដល់ កងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី ក្នុងការរៀបចំសន្និសីទនាពេលនេះ ហើយការចូលរួមដោយផ្ទាល់យ៉ាងច្រើនពីតំណាងរដ្ឋបាលគយ ក្នុងតំបន់បង្ហាញពីកិច្ចសហប្រតិបត្តិការពេញលេញ និងសកម្មបន្ទាប់ពីភាពរអាក់រអួលបង្កឡើង ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកអគ្គលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលសម្រេចបានដោយរដ្ឋបាលគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយបានលើកឡើងអំពីភាពសកម្មឈានមុខ ជវភាព និងឋាមភាពនៃគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌតំបន់។

លោកស្រី Clair O’Neil រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសអូស្រ្តាលី បានសម្តែងការស្វាគមន៍ដល់ភ្ញៀវកិត្តិយស និងគណៈប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគយ ជាពិសេសលើកិច្ចសម្រួលពាណិជ្ជកម្ម, ការទប់ស្កាត់បទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែន, ការពារសន្តិសុខជាតិជាដើម។

លោកស្រីរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការគយ តាមរយៈការអនុវត្ត «ប្រតិបត្តិការរួម - Joint Operation» លើបញ្ហាប្រឈមជាក់លាក់មួយចំនួន និងបានលើកឡើងថា សន្និសីទនាពេលនេះនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលគយពិភាក្សា និងលើកទិសដៅ ការងារសំដៅពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។

អង្គសន្និសីទបានដំណើរការយ៉ាងផុលផុស ក្រោមរបៀបវារៈមួយចំនួនរួមមាន៖
១. បទបង្ហាញរបស់ WCO ស្តីពីគោលនយោបាយ គំនិតផ្តួចផ្តើម ផែនការយុទ្ធសាស្រ្តឆ្នាំ២០២២-២០២៥
២. របាយការណ៍សកម្មភាពគន្លឹះ ដែលសម្រេចបាននាឆ្នាំ២០២២ របស់អនុប្រធានប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
៣. របាយការណ៍វឌ្ឍនភាពសមិទ្ធផល សំខាន់ៗក្នុងកិច្ចសហការទប់ស្កាត់បទល្មើស និងផែនការសកម្មភាពនាឆ្នាំបន្ទាប់របស់ RILO A/P,
៤. របាយការណ៍ វឌ្ឍនភាពការងារ និងផែនការសម្រាប់ការកសាងសមត្ថភាពរបស់ ROCB A/P,
៥. ការពិភាក្សានិងអនុម័ត មណ្ឌលហ្វឹកហ្វឺនសត្វសុនខគយរបស់ប្រទេសអូស្ត្រាលី ហុងកុង និងឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់តំបន់ ទទួលស្គាល់ដោយ WCO
៦. របាយការណ៍វឌ្ឍនភាពការងាររបស់វិស័យឯកជនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និង ក្រុមហ៊ុន Mediterranean Shipping ស្តីពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និង រដ្ឋបាលគយ
៧. បទបង្ហាញរបស់បេក្ខភាពអគ្គលេខាធិការនៃ WCO
៨. ការអនុម័តជូនលោកស្រី Louise Ho អគ្គនាយកនៃរដ្ឋបាលគយហុងកុង ជាអនុប្រធានអង្គការគយពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិ ឆ្នាំ២០២៤-២០២៦
៩. ពិភាក្សា និងអនុម័ត TOR សម្រាប់ក្រុមការងាររៀបចំ «ផែនការយុទ្ធសាស្ត្រតំបន់ ២០២៤ -២០២៨»
១០. របាយការណ៍គម្រោងរបស់អង្គការគយពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកស្តីពីការគ្រប់គ្រង កាកសំណល់ប្លាស្ទិក,
១១. បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី គុណ ញឹម បានធ្វើបទអន្តរាគមន៍លើរបៀបវារៈមួយចំនួន និងបានថ្លែងអំណរគុណដល់ការិយាល័យកសាងសមត្ថភាពតំបន់ WCO ROCB/AP ដែលបានជួយ គាំទ្ររដ្ឋបាលគយកម្ពុជា ក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តនីតិវិធីនៃការស្នើសុំបញ្ចូលសាលាជាតិគយកម្ពុជា ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់ ទទួលស្គាល់ដោយ WCO នាពេលអនាគត។

ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានប្រជុំទ្វេភាគីជាមួយ៖ ១.គណៈប្រតិភូនៃកងកម្លាំងព្រំដែនអូស្ត្រាលី (ABF), និង ២.គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង។ ប្រធានបទសំខាន់នៃកិច្ចប្រជុំទ្វេភាគីនេះមាន៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែជិតស្និទ្ធបន្ថែមទៀត, ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការផ្តល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពជាដើម ។

គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា ក៏បានជួបសម្តែងការគួរសមជាមួយបណ្ឌិត Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក ដើម្បីជូនពរ និងថ្លែងអំណរគុណ ជាពិសេសផ្តល់ជូននូវគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់ធិបឌិន្ទ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះស្នាដៃល្អឆ្នើមក្នុងការដឹកនាំអង្គការគយពិភពលោក និងមានទំនាក់ទំនងល្អ និងការគាំទ្រដល់រដ្ឋបាលគយកម្ពុជានាពេលកន្លងមក។

គួរបញ្ជាក់ថា បណ្ឌិត Kunio Mikuriya នឹងបញ្ចប់តំណែងជាអគ្គលេខាធិការនៃអង្គការគយពិភពលោក នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីបំពេញការងារជាង ២០ឆ្នាំ នៅលេខាធិការដ្ឋាននៃអង្គការនេះ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក៕