(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ទំហំជួញដូរមូលបត្រ​បានធ្លាក់ចុះពី៥០ម៉ឺនដុល្លារ មក៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៣នេះ។

បើទោះបីមានការធ្លាក់ចុះទំហំជួញដូរក្តី តែលោកនៅមានក្តីសង្ឃឹមថា ការជួញដូរមូលបត្រ នឹងសម្រេចបានទំហំជួញដូរ១០០លានដុល្លារនៅឆ្នាំ២០៣០។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក ហុង សុហួរ បានឱ្យដឹងថា ៤ខែដំបូងឆ្នាំ២០២៣នេះ ទំហំជួញដូរមូលបត្រ​ជាមធ្យមប្រចាំថ្ងៃ នៅក្នុងទីផ្សារមូលបត្រនៅកម្ពុជា បានថយចុះពី៥០ម៉ឺនដុល្លារ កាលពីឆ្នាំ២០២២ មកដល់រង្វង់ ៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនៅក្នុងឆ្នាំ២០២៣ ដោយសារវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបានគូសបញ្ជាក់ថា ការធ្លាក់ចុះទំហំជួញដូរនៅដើមឆ្នាំ២០២៣ ដោយសារនៅឆ្នាំនេះ មិនទាន់មានការជួញដូរទំហំធំៗ ដែលមានតម្លៃលើសពី ១លានដុល្លារនៅឡើយ​ ខណៈកាលពីឆ្នាំ២០២២ ការជួញដូរមូលបត្រដែលមានតម្លៃលើសពី ១លានមានចំនួនច្រើនគួរឱ្យកត់សម្គាល់។

​តែយ៉ាងណា លោកចាត់ទុកថា ការធ្លាក់ចុះទំហំជួញពី៥០ម៉ឺនដុល្លារ ដល់៣០ម៉ឺនដុល្លារក្នុងមួយថ្ងៃនេះ មិនមែនជាការធ្លាក់ចុះគួរឱ្យបារម្ភនោះទេ ព្រោះសកម្មភាពទីផ្សារកាន់តែមានភាពមមាញឹកជាងមុន ​គឺនៅពេលមានការជួញដូរទំហំតូចៗច្រើន នឹងធ្វើឱ្យទីផ្សារមានសន្ទនីយភាព ពោលគឺអ្នកទិញ និងអ្នកលក់ធ្វើការទិញលក់ងាយស្រួល​។

​លោកលើកឡើងថា ការឈានជើងចូលទីផ្សាររបស់ក្រុមហ៊ុនធំៗចំនួន២ គឺ​ក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន របស់អ្នកឧកញ៉ា គួច ម៉េងលី និងក្រុមហ៊ុន សេលកាត របស់អ្នកឧកញ៉ា គិត ម៉េង ដែល​អាចនឹងមកចុះបញ្ជីនៅខែក្រោយនេះ ​នឹងជំរុញការជួញដូរបានកាន់តែច្រើន ជាពិសេសការជួញដូរក្នុងទំហំតូច និងមធ្យម ព្រោះក្រុមហ៊ុនទាំងពីរ​ហាក់មានការចាប់អារម្មណ៍ច្រើនពី​ក្នុងចំណោមអ្នកវិនិយោគតូចៗ និងមធ្យម។

លោកបន្ថែមថា ខណៈស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមានភាពស្រពិចស្រពិល​​ ដែលធ្វើទំហំជួញមិនអាចកើនឡើងដល់ ១លានដុល្លារក្នុងឆ្នាំ២០២៣នេះ ឬឈាន ១០០លានដុល្លារនៅឆ្នាំ២០៣០ក៏ដោយ តែយ៉ាងណា CSX រួមនឹងអ្នកពាក់ព័ន្ធនឹងព្យាយាមខិតខំ ដើម្បី​ឱ្យ៧ឆ្នាំទៀត សម្រេចបាននូវគោលដៅ ១០០លានដុល្លារក្នុងមួយថ្ងៃនៅឆ្នាំ២០៣០​។

សូមជម្រាបថា បច្ចុប្បន្ននៅផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ១៨បានចុះបញ្ជីបោះផ្សាយលក់​មូលបត្រ ក្នុងនោះ ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុល៕