(ក្រុងដេត្រូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីបណ្តាប្រទេសនៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅចុងសប្តាហ៍មុនបានព្រមព្រៀងគ្នាជំរុញពាណិជ្ជកម្មដែលមានលក្ខណៈកាន់តែរួមបញ្ចូលនិងនិរន្តរភាព ប៉ុន្តែបានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមដោយសារការជំទាស់របស់រុស្ស៊ី និងចិនលើភាសាដែលប្រើលើជម្លោះនៅអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ដោយបិទកិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រុងដេត្រូយ លោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ជំនួសមកវិញបានចេញសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រធានកិច្ចប្រជុំ ដោយសង្ខេបការពិភាក្សាដែលសង្កត់ធ្ងន់លើការរួមបញ្ចូលគ្នា (បរិយាបន្ន) ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដោយសេរី បើកចំហ យុត្តិធម៌ គ្មានការរើសអើង តម្លាភាព រួមបញ្ចូល និងអាចព្យាករបាន»

អង្គការ APEC បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានមូលដ្ឋានលើច្បាប់ដោយយកច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើជាច្បាប់ស្នូលរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា៖ «យើងនឹងបន្តធ្វើការដើម្បីធានាឱ្យបាននូវភាពស្មើភាពដើម្បីជំរុញបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគដែលអំណោយផល ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាទីផ្សារបើកចំហ និងដើម្បីដោះស្រាយការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់»

មេដឹកនាំរបស់ប្រទេសជាសមាជិករបស់អង្គការ APEC កាលពីខែវិច្ឆិកាឆ្នាំមុននៅទីក្រុងបាងកកបានអនុម័តភាសាដែលនិយាយថា «សមាជិកភាគច្រើន» បានថ្កោលទោសយ៉ាងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែននិងលទ្ធផលដែលបង្កឱ្យមានការឈឺចាប់របស់មនុស្សជាតិនិងផលប៉ះពាល់សេដ្ឋកិច្ច។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំនាទីក្រុងដេត្រូយ ប្រទេសចិន និងរុស្ស៊ីបានជំទាស់នឹងការរួមបញ្ចូលភាសាបែបនេះ ដែលរារាំងដល់ការចេញសេចក្ដីថ្លែងការណ៍រួម និងនាំឱ្យប្រធានកិច្ចប្រជុំចេញសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រធានជំនួសវិញ។ សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា មានទស្សនៈខុសគ្នា និងថា «អង្គការ APEC មិនមែនជាវេទិកាដើម្បីដោះស្រាយបញ្ហាសន្តិសុខទេ»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី Tai ខណៈថ្លែងប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីសង្ឃឹមថា មេដឹកនាំ APEC នៅក្នុងកិច្ចប្រជុំកំពូលខែវិច្ឆិកាខាងមុខនៅទីក្រុងសានហ្រ្វានស៊ីស្កូ នឹងអាចចេញសេចក្តីថ្លែងការណ៍រួមមួយបាន៕