(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានជំរុញឱ្យប្រទេសជប៉ុនបញ្ឈប់ការគ្រប់គ្រងការនាំចេញឧបករណ៍អេឡិចត្រូនិចសឺមីកុងឌុចទ័រ (semiconductor) ដោយហៅទង្វើនេះថាជា «ការប្រព្រឹត្តខុស» ដែល «បំពានយ៉ាងធ្ងន់ធ្ងរ» លើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលើកឡើងនេះធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទសប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការថ្កោលទោសចុងក្រោយបំផុតរបស់ប្រទេសចិនចំពោះការរឹតបន្តឹងការនាំចេញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោក Wang ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក យ៉ាស៊ុតូហ្សី នីហ្សីមុរ៉ា (Yasutoshi Nishimura) កាលពីថ្ងៃទី២៦ ខែឧសភានៅឯសន្និសីទរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងដេត្រុយ (Detroit)។

ប្រទេសជប៉ុន រួមជាមួយនឹងប្រទេសហូឡង់ កាលពីខែមករាបានយល់ព្រមគ្នាបន្ស៊ីគោលនយោបាយនាំចេញរបស់ខ្លួនទៅនឹងគោលបយោបាយគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ដែលនឹងដាក់កម្រិតដល់ការលក់ឧបករណ៍ផលិតបន្ទមួយចំនួនទៅកាន់ប្រទេសចិន ហើយបានដាក់ការរឹតត្បឹតលើការនាំចេញឧបករណ៍ផលិតសឺមីកុងឌុចទ័រចំនួន២៣ប្រភេទទៅកាន់ប្រទេសជិតខាងរបស់ខ្លួន។

សហរដ្ឋអាមេរិកបានដាក់ការរឹតបន្តឹងទាំងនេះកាលពីឆ្នាំមុនក្នុងគោលបំណងបង្អាក់ការងាររបស់ចិនលើកុំព្យូទ័រទំនើបដែលអាចប្រើដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធស៊ើបការណ៍សិប្បនិម្មិត។

ជប៉ុនមិនបានលើកឡើងពីឈ្មោះរបស់ចិនទេនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការគ្រប់គ្រងការនាំចេញនេះ ដោយគ្រាន់តែនិយាយថា ខ្លួនកំពុងបំពេញកាតព្វកិច្ចក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទរបស់ក្រសួងពាណិជ្ជកម្មចិនក៏បាននិយាយផងដែរថា ប្រទេសចិន «មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសជប៉ុនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕