(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ (Gina Raimondo) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao) បានត្អូញត្អែរដាក់គ្នាអំពីគោលនយោបាយពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញនៅក្នុងកិច្ចពិភាក្សាកាលពីចុងសប្តាហ៍មុនដែលការិយាល័យរបស់លោកស្រី Raimondo ពិពណ៌នាថាជាកិច្ចពិភាក្សាប្រកបដោយ «ភាពស្មោះត្រង់ និងពិតប្រាកដ»។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន គឺជាជំនួបមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងចិនលើកដំបូងក្នុងរយៈពេលជាច្រើនខែ បន្ទាប់ពីភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាតិបានបង្អាក់ផែនការជំនួបពិភាក្សាឡើងវិញរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរក្នុងពិភពលោកនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មអាមេរិកថា៖ «មេដឹកនាំទាំងពីរមានការពិភាក្សាដោយស្មោះត្រង់ និងពិតប្រាកដលើបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមទាំងបរិយាកាសរួមនៅក្នុងប្រទេសទាំងពីរសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការសក្តានុពល»។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «លោកស្រីរដ្ឋមន្ត្រី Raimondo ក៏បានលើកឡើងពីការព្រួយបារម្ភអំពីវិវាទនាពេលថ្មីៗនេះនៃសកម្មភាពរបស់ប្រទេសចិនដែលបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនអាមេរិកដែលប្រតិបត្តិការនៅចិន»។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនថា លោក Wang បានលើកឡើងពីការព្រួយបារម្ភសំខាន់ៗអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន រួមទាំងគោលនយោបាយលើឧបករណ៍អេឡិចត្រូនិក ការគ្រប់គ្រងការនាំចេញ និងការពិនិត្យឡើងវិញនៃការវិនិយោគបរទេស។

ភាគីទាំងពីរបានយល់ព្រមបង្កើត និងរក្សាបណ្តាញទំនាក់ទំនងបើកចំហ ដោយការិយាល័យរបស់លោកស្រី Raimondo បានឱ្យដឹងថា នឹងជួយ «គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ»។

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ទំនាក់ទំនងនេះនឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរលើបារម្ភអំពីពាណិជ្ជកម្មសេដ្ឋកិច្ច និងបញ្ហាកិច្ចសហប្រតិបត្តិការជាក់លាក់៕